បន្ទាប់ពីបានជួបបញ្ហាធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២៤ ដោយសារបញ្ហាផលិតភាពដែលធ្វើឱ្យមានការខាតបង់នូវការបញ្ជាទិញជាច្រើន រួមទាំងមិនទទួលបានការជឿជាក់ពីសំណាក់ក្រុមហ៊ុន Qualcomm ពេលនេះ ក្រុមហ៊ុន Samsung Foundry ត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយក្រុមហ៊ុន Qualcomm ជាថ្មីម្តងទៀតដើម្បីផ្តល់សេវាផលិតបន្ទះឈីប Snapdragon 8 Elite 2 ដែលគ្រោងចេញនៅក្នុងពេលឆាប់ៗខាងមុននេះ។
ក្នុងនោះ ចំពោះការផលិតបន្ទះឈីប Snapdragon 8 Elite 2 នេះ ប្រហែលជានឹងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង 3nm របស់ TSMC សម្រាប់ស្មាតហ្វូនសេរ៊ីថ្មីៗរបស់ក្រុមហ៊ុនជាច្រើន និងបច្ចេកវិទ្យា 2nm របស់ក្រុមហ៊ុន Samsung សម្រាប់ស្មាតហ្វូនត្រកូល Galaxy ជំនាន់ក្រោយផ្តាច់មុខតែម្តង។
គួរឲដឹងថា ទោះបីជាការផលិតបន្ទះឈីប Exynos នៅតែជាគោលដៅសំខាន់សម្រាប់ផលិតផលក្នុងផ្ទះរបស់ខ្លួនក៏ដោយ ក៏ Samsung នៅតែបង្ហាញនូវការចាប់អារម្មណ៏ក្នុងការចាប់ដៃជាមួយ Qualcomm ឡើងវិញផងដែរ ដើម្បីស្ដារកេរ្តិ៍ឈ្មោះ Foundry ឡើងវិញ និងទទួលបានការបញ្ជាទិញពីសំណាក់ក្រុមហ៊ុនធំៗផ្សេងទៀតនៅពេលអនាគត៕