ក្នុងពេលថ្មីៗនេះ មានការប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីៗជាច្រើនដែលធ្វើទីផ្សារនៃការលក់ស្មាតហ្វូននាពេលបច្ចុប្បន្ននេះកាន់តែមានភាពប្រកួតប្រជែង ជាពិសេសនៅក្នុងប្រទេសចិនតែម្តង។ បើយោងតាម Digital Chat Station បានចែករំលែកនូវរូបភាព Render ថ្មីមួយរបស់ស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុន OPPO គឺ OPPO Reno 14 ។
ក្នុងនោះ បើតាមរូបភាពនេះ OPPO Reno 14 នឹងមកជាមួយនឹងការរចនាថ្មីដែលស្រោបដោយស៊ុមអាលុយមីញ៉ូមដែលស្រដៀងនឹង Reno 13 ដែល ហើយប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់ cold carving glass technology សម្រាប់ផ្នែកខាងក្រោយ ប៉ុន្តែវានឹងទទួលបាននូវសេនស័រធំៗចំនួន ២ ដែលរួមបញ្ជូលនូវលេនគោល 50MP, លេន ultra-wide 8MP និងលេន telephoto 50MP ខណៈកាមេរ៉ាខាងមុខវិញមានទំហំ 50MP ជាមួយមុខងារ autofocus និងប៊ូតុង “Magic Cube” នៅផ្នែកខាងឆ្វេង។
ទៅលើផ្នែកអេក្រង់វិញ ត្រូវបានបានរំពឹងថានឹងមានអេក្រង់រាបស្មើ OLED LTPS 120Hz ទំហំ 6.59 អ៊ីញ កម្រិត 1.5K ដំណើរការដោយឈីប Dimensity 8350 ដែលស្រដៀងទៅនឹង Reno 13 ប៉ុន្តែអាចនឹងទទួលបានថាមពលថ្ម 6000mAh+ ដែលធំជាងជំនាន់មុខជាមួយនឹងការគាំទ្រការសាកថ្មល្បឿនលឿនកម្លាំង 80W និងអាវការពារកម្រិត IP66 + IP68 + IP69 ។
គួរឲដឹងថា OPPO Reno 14 series ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវនៅចុងខែឧសភា ឬដើមខែមិថុនា ខាងមុខនេះនៅក្នុងទីផ្សារប្រទេសចិន ខណៈព័ត៌មានលម្អិតផ្សេងទៀតមិនទាន់បង្ហាញចេញនៅឡើយនោះទេ៕