ក្រុមហ៊ុន BYD បានយករថយន្តពីក្រៅស្រុកមកលក់មានតម្លៃធូរម្លឹងហើយចុះទម្រាំមានរោងចក្រដំឡើងរថយន្តនៅក្នុងស្រុកយើងទៀតតម្លៃធូរប៉ុណ្ណាទៅ? ជាក់ស្តែងដូចដែលបងប្អូនបានដឹងស្រាប់ហើយថាម៉ូដែល BYD Sealion 5 និង BYD ATTO 2 ដោយតម្លៃរបស់វាត្រឹម $22,300 នឹង $25,800 ដែលជាតម្លៃល្អមែនទែនសម្រាប់រថយន្តថ្មីខ្លាចគោ។
ចឹងបងប្អូនតាមប្រភពពី ភេកផ្លូវការរបស់ ឯកឧត្តម ស៊ុន ចាន់ថុល (Chanthol Sun DPM) នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក (BYD CAMBODIA CO., LTD.) រួមជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ពិធីនេះមានការចូលរួមពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, លោកអគ្គនាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាហ្វិក នៃក្រុមហ៊ុន BYD, ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រសួងស្ថាប័ន និងមន្ទីរពាក់ព័ន្ធ, ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន BYD Cambodia។
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BYD Cambodia សម្រាប់ការសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យយានយន្តអគ្គិសនី បន្ទាប់ពីឯកឧត្តមបានដឹកនាំគណៈប្រតិភូ ក.អ.ក. ទៅគោះទ្វារវិនិយោគដោយផ្ទាល់ ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD នៅទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

