បន្ទាប់ពីប្រកាសបង្ហាញចេញនូវបន្ទះឈីប Snapdragon 8 Elite នៅក្នុងខែតុលាកាលពីឆ្នាំមុន ពេលនេះ ក្រុមហ៊ុន Qualcomm ត្រូវបានគេរាយការណ៏ថា បានត្រៀមខ្លួនរួចជាស្រេសក្នុងបង្ហាញបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ខ្លួនគឺ Snapdragon 8 Elite 2 នៅចុងឆ្នាំនេះ ដែលទំនងជាធ្វើឡើងនៅក្នុងខែតុលាតែម្តង បន្ទាប់ពីមានការលេចធ្លាយពិន្ទុ AnTuTu នៅក្នុងខែមុន ដែលបង្ហាញពីសមត្ថភាពកែលម្អយ៉ាងខ្លាំង និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកគាំទ្របច្ចេកវិទ្យា។
ក្នុងនោះ Snapdragon 8 Elite 2 អាចនឹងប្រើប្រាស់នូវ CPU Oryon ជំនាន់ទី 2 ដែលអាចបង្កើនល្បឿនដំណើរការបានដល់ទៅ 25% ឯណ្ណោះ បើប្រៀបធៀបទៅនឹង Snapdragon 8 Elite ដើម។ នេះន័យថា បន្ទះឈីបនេះនឹងមានសមត្ថភាពដំណើរការលឿន និងឆ្លាតវៃជាងមុនក្នុងការប្រតិបត្តិការប្រចាំថ្ងៃ និងការប្រើប្រាស់កម្មវិធីធ្ងន់ៗ។
ក្រៅពីនេះ GPU ក៏នឹងត្រូវបានកែលម្អផងដែរ ដោយការកើនឡើងពី 12MB ទៅ 16MB និងសមត្ថភាពដំណើរការកើនឡើងដល់ 30%។ លើសពីនេះ វាក៏នឹងគាំទ្រ RAM ជំនាន់ថ្មីៗដូចជា LPDDR5X និង LPDDR6 ផងដែរ មានន័យថា អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍លឿន និងរលូនជាងមុន ក្នុងការបើកកម្មវិធីធ្ងន់ៗ ឬលេងហ្គេមក្រាហ្វិកខ្ពស់។ ខណៈព៌ត័មានលម្អិតផ្សេងៗទៀតមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ ប៉ុន្តែការមកដល់ឆាប់ៗជាងពេលធម្មតារបស់ Snapdragon 8 Elite 2 នឹងធ្វើឲក្រុមហ៊ុនផលិតស្មាតហ្វូន Android ធំៗមួយចំនួនអាចបន្តប្រកួតប្រជែងគ្នាបានជាមួយគ្រួសារ iPhone 17 ថ្មីរបស់ Apple ដែលរំពឹងថានឹងមកដល់នៅក្នុងខែកញ្ញាខាងមុខនេះជាមួយត្រកូលឈីប A19 ៕