កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Aptera Motors, Lightyear និង Sono Motors បានបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីមួយឈ្មោះថា Solar-Powered Vehicles ដែលបច្ចេកវិទ្យានេះអាចអោយរថយន្តសាកថ្មដោយប្រើប្រាស់តែថាមពលពន្លឺព្រះអាទិត្យប៉ុណ្ណោះ គឺមិនចាំត្រូវសាកតាមប្រព័ន្ធអគ្គិសនីដូចមុននោះឡើយ។
ក្នុងនោះ បើនិយាយពីការរចនារបស់រថយន្តដែលប្រើប្រាស់នូវបច្ចេកវិទ្យាសាកនេះ នឹងមានរចនាជាមួយបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ឫក៏បន្ទះ Solar នៅផ្នែកខាងលើដំបូល។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យានេះ គឺមិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយទេ គឺគ្រាន់តែបង្កើតឡើងដើម្បីបន្ថែមចម្ងាយបើកបរលើចម្ងាយដែលសាកដោយថាមពលអគ្គិសនីប៉ុណ្ណោះ។ ជាធម្មតាវាអាចស្រូបយកថាមពលបានច្រើនគួរសម ដែលធ្វើឲរថយន្តអាចបើកបរបានចម្ងាយចាប់ពី ៣០ ទៅ ៧០ គីឡូម៉ែត្រ នៅក្នុងមួយថ្ងៃ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តទាំងនេះផ្ទាល់ក៏បានបង្ហាញចក្ខុវិស័យសម្រាប់នាពេលអនាគតផងដែរ ដោយបាននិយាយថា រថយន្តនាពេលអនាគតរបស់ពួកគេនឹងមិនត្រូវការការសាកថ្មទៀតនោះទេ ព្រោះវានឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មដោយខ្លួនឯងយ៉ាងពេញលេញពីពន្លឺព្រះអាទិត្យ។
ទោះជាយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះនៅតែប្រឈមមុខនឹងបញ្ហាមួយចំនួនផងដែរ មានដូចជាប្រសិទ្ធភាពរបស់បន្ទះសូឡា, ចំនួនថាមពលដែលអាចប្រមូល ឫស្រូបបាន និងការប្រែប្រួលនៃអាកាសធាតុជាដើម។ តែបើសិនជាបច្ចេកវិទ្យានេះមានការអភិវឌ្ឈន៏កាន់តែរីកចម្រើន និងជោគជ័យ នោះនាពេលអនាគតរថយន្តដែលប្រើថាមពលសូឡានឹងជំនួសរថយន្តដែលប្រើថាមពលអគ្គិសនី៕