ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា អាចនឹងបញ្ចេញស្មាតហ្វូនកម្រិតកំពូលរបស់ខ្លួនគឺ iPhone 17 Ultra នៅក្នុងឆ្នាំ 2025 នេះ ដើម្បីជំនួស iPhone 17 Pro Max ដែលពួកគេគ្រោងនឹងឈប់ផលិត។
ចំពោះការផ្លាស់ប្តូរនេះ ត្រូវបានអះអាងថាបណ្តាលមកពីការផ្លាស់ប្តូរការគ្រប់គ្រងបរិមាណផលិតកម្មថ្មីរបស់ Apple ព្រោះពួកគេមិនអាចផលិតទាំង iPhone 17 Pro Max និង iPhone 17 Ultra សម្រាប់ដាក់លក់នៅលើទីផ្សារតែមួយបាននោះទេ ដោយសារការធ្វើបែបនេះនឹងបង្កឲក្រុមហ៊ុនជួបនូវវិបត្តិសេដ្ឋកិច្ច និងចំនួនលក់ធ្លាក់ចុះ។ ដូច្នេះ ការបញ្ចេញ iPhone 17 Ultra អាចជារឿងល្អតែមួយគត់ដែល Apple នឹងធ្វើ ព្រោះដើម្បីដំឡើងតម្លៃលក់ខ្ពស់ និងបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន។
ក្នុងនោះ iPhone 17 Ultra អាចនឹងទទួលបាននូវការអាប់ដេតដាក់បញ្ជូលនូវប្រព័ន្ធ Hardware ថ្មីៗមួយចំនួន រួមជាមួយការរចនាប្រព័ន្ធស្អំកម្តៅ និង Dynamic Island ថ្មី ដែលមានប្រសិទ្ធភាព និងទំហំតូចជាងមុន និងប្រព័ន្ធថាមពលថ្មដែលមានសមត្ថភាពធំជាងមុនផងដែរ។
គួរបញ្ជាក់ថា ចំនុចមួយផ្សេងទៀតនៃការបញ្ចេញ iPhone 17 Ultra របស់ Apple នៅក្នុងឆ្នាំ 2025 នេះ គឺដើម្បីបង្កើនទីផ្សារនៃផលិតផល Ultra របស់ពួកគេ ដែលមានដូចជា Apple Watch Ultra និង M3 Ultra។ យ៉ាងណាមិញ ទាំងនេះគឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ មានតែរង់ចាំការប្រកាសជាផ្លូវការពីសំណាក់ Apple ប៉ុណ្ណោះ ថាពិត ឫមិនពិត៕