ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Xpeng បានប្រកាសជាផ្លូវការថា ពួកគេបានវិនិយោគក្នុងវិស័យមនុស្សយន្តចំនួន ១០០ ពាន់លានយន់ ឫប្រមាណ ១៣,៨ ពាន់លានដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ ក្នុងនោះ បើយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xpeng លោក He Xiaopeng បានបញ្ជាក់ថា ការវិនិយោគនេះ គ្រាន់តែជាដំណាក់ការទី ១ ឫដំបូងដែលស្ថិតនៅក្នុងគម្រោងថ្មីរបស់ពួកគេតែប៉ុណ្ណោះ ខណៈពេលអនាគតអាចនឹងមានការវិនិយោគកាន់តែច្រើនឡើងថែមទៀត។
គួរឲដឹងថា ក្រុមហ៊ុន Xpeng បានចូលក្នុងវិស័យមនុស្សយន្តតាំងពីឆ្នាំ ២០២០ មកម្លេះ ហើយកាលពីឆ្នាំមុនបានបង្ហាញចេញនូវមនុស្សយន្ត Iron Humanoid ដែលជាប្រកួតប្រជែងជាមួយមនុស្សយន្ត Bot របស់ Tesla។
គូរគូសបញ្ជាក់ផងដែរថា មិនត្រឹមតែក្រុមហ៊ុន Xpeng នោះទេ ក្រុមហ៊ុនរថយន្តចិនដទៃទៀតក៏កំពុងវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាមនុស្សយន្តផងដែរ តួយ៉ាងដូចជាក្រុមហ៊ុន Leapmotor ដែលទទួលការគាំទ្រពី Stellantis ក៏បានបង្កើតក្រុមការងារសម្រាប់អភិវឌ្ឍន៍មនុស្សយន្តផងដែរ ដោយផ្តោតលើការប្រើប្រាស់ក្នុងឧស្សាហកម្មរបស់ពួកគេ។
ជាមួយគ្នានេះ នាយកប្រតិបត្តិ Zhu Jiangming ក៏បានបញ្ជាក់បន្ថែមទៀតថា មនុស្សយន្តទាំងនេះអាចនឹងជំនួសកម្លាំងពលកម្មមនុស្ស និងបង្កើនប្រសិទ្ធភាពផលិតកម្មរបស់ពួកគេនាពេលអនាគត ដោយក្រុមហ៊ុនផ្ទាល់អាចនឹងចំណាយចន្លោះពី ១ ទៅ ២ ពាន់លានយន់ ក្នុងមួយឆ្នាំ សម្រាប់ការអភិវឌ្ឍន៍មនុស្សយន្តទាំងនេះ៕