ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់តៃវ៉ាន់ដែលល្បីល្បាញខាងដំឡើងទូរស័ព្ទ iPhone របស់ Apple បានបោះជំហានដ៏ធំមួយចូលទៅក្នុងឆាក AI ដោយបើកដំណើរការគំរូភាសាដ៏ធំរបស់ខ្លួនគឺ FoxBrain ។ វាត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម Meta Llama 3.1 ហើយបង្កើតក្នុងរយៈពេលតែ ៤ សប្តាហ៍ ប៉ុណ្ណោះ ដោយប្រើ Nvidia H100 GPUs ចំនួន ១២០ គាំទ្រការប្រើប្រាស់ភាសាចិន និងតៃវ៉ាន់ជាស្តង់ដារ។
តួយ៉ាង បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Foxconn ផ្ទាល់បានសារភាពថា គំរូ AI មួយនេះ គឺដើរតាមគំរូ AI របស់ DeepSeek បន្តិចបន្តួច ទោះបីជាវាប្រើប្រាស់នូវស្ថាបត្យកម្មរបស់ Meta ក៏ដោយ និងមានសមត្ថភាពដំណើរការលើការងារខ្ពស់ៗជាច្រើន ជាពិសេសក្នុងការវិភាគទិន្នន័យ ការដោះស្រាយបញ្ហា ការបង្កើតកូដ សម្រេចចិត្ត វាយតម្លៃ និងការជ្រើសរើសដោយផ្អែកលើទិន្នន័យដែលបានវិភាគ។
គួរគូសបញ្ជាក់ផងថា ដំបូងឡើយក្រុមហ៊ុន Foxconn មានគោលបំណងក្នុងការបង្ហើត FoxBrain ដើម្បីសម្រួលប្រតិបត្តិការផ្ទៃក្នុង របស់ពួកគេតែប៉ុណ្ណោះ ដោយផ្តោតជាសំខាន់លើការបង្កើនដំណើរការផលិត និងការកែលម្អនូវការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ ប៉ុន្តែពួកគេក៏មានគោលបំណងសហការជាមួយក្រុមហ៊ុនដៃគូបច្ចេកវិទ្យាផ្សេងៗផងដែរ ដោយធ្វើឱ្យ AI នេះ អាចចូលប្រើបានជាសាធារណៈតាមរយៈបណ្តាញប្រភពបើកចំហ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បាននូវបង្ហាញនូវទស្សនៈវិស័យក្នុងការអភិវឌ្ឍន៍ FoxBrain បន្តទៀតផងដែរ ពោលគឺអាចនឹងប្រើប្រាស់នូវប្រព័ន្ធកុំព្យូទ័រ Taipei-1 Supercomputer របស់ Nvidia ដែលជាប្រព័ន្ធកុំព្យូទ័រដែលមានល្បឿនលឿន និងមានថាមពលខ្លាំងដែលគាំទ្រដល់ការអភិវឌ្ឍន៍ AI ។ ខណៈព័ត៌មានលម្អិតបន្ថែមអំពី FoxBrain នឹងប្រកាសឡើងនៅក្នុងសន្និសិទអ្នកអភិវឌ្ឍន៍ GTC របស់ Nvidia នៅចុងខែនេះ៕