រថយន្តអគ្គិសនីប្រភេទសេដាន Xiaomi SU7 Ultra ដែលមានកម្លាំង 1,526 សេះ បានបុកខ្ទុបក្នុងទីលានត្រេកនៅប្រទេសចិន ក្រោយពីការចាប់ផ្តើមដឹកជញ្ជូនរថយន្តទៅអតិថិជនដំបូងបានប៉ុន្មានថ្ងៃ Xiaomi បានផ្តល់អនុសាសន៍ដល់ម្ចាស់រថយន្តឲ្យចូលរួមក្នុងការបណ្តុះបណ្តាលជាផ្លូវការមុនពេលបើកបរក្នុងទីលានត្រេកផងដែរ។
រថយន្ត Xiaomi SU7 Ultra ត្រូវបានចេញលក់នៅប្រទេសចិននៅថ្ងៃទី 27 ខែកុម្ភៈ ដោយតម្លៃចាប់ផ្តើម 72,800 ដុល្លារអាមេរិក SU7 Ultra បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសចិន នៅក្នុងរយៈពេល 2 ម៉ោង ក្រោយការប្រកាសចេញលក់ វាបានទទួលការបញ្ជាទិញចំនួន 10,000 គ្រឿង ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមដឹកជញ្ជូនរថយន្តជាផ្លូវការចាប់ពីខែមីនា ប៉ុន្មានថ្ងៃក្រោយមក ម្ចាស់រថយន្ត SU7 Ultra ម្នាក់បានបើករថយន្តទៅបុកក្នុងទៅលានត្រេក នៅថ្ងៃទី 9 ខែមីនា មានវីដេអូបង្ហោះនៅលើបណ្តាញសង្គម Weibo បង្ហាញពីគ្រោះថ្នាក់របស់ Xiaomi SU7 Ultra ក្នុងត្រេក វាជាគ្រោះថ្នាក់ដំបូងបំផុតសម្រាប់ម៉ូដែលនេះ ក្រោយពីក្រុមហ៊ុនបានដឹកជញ្ជូនអោយទៅអតិថិជននៅថ្ងៃទី 2 ខែមីនា។
ក្នុងវីដេអូ ការបុកកើតឡើងនៅពេល SU7 Ultra ចេញពីផ្លូវកោង ហើយបង្កើនល្បឿនលើផ្លូវត្រង់ ទោះជាយ៉ាងណា ម្ចាស់រថយន្តបានចាប់ផ្តើមចាប់ហ្វ្រាំងយឺតពេក។ ដូច្នេះ រថយន្តបានបុកទល់ជាមួយជញ្ជាំងដែលបានរៀបកង់រថយន្តដែលប្រើសម្រាប់ធ្វើជារបងសុវត្ថិភាព។ នៅពេលបុក ល្បឿនរថយន្តគឺ 120 km/h។ ជាលទ្ធផល ផ្នែកខាងមុខ និងភ្លើងមុខរងការខូចខាត។ ទោះជាយ៉ាងណា ប៉ូងសុវត្ថិភាព (airbags) បានផ្ទុះចេញ ធានាសុវត្ថិភាពដល់អ្នកបើកបរ។
មុននេះរថយន្ត Xiaomi SU7 ក៏ធ្លាប់មានព័ត៌មានអំពីគ្រោះថ្នាក់ក្នុងត្រេកនៅចិនផងដែរ រថយន្ត SU7 ទូទៅ មានបញ្ហាផ្នែកហ្វ្រាំងខ្សោយ។ មានគ្រោះថ្នាក់មួយចំនួនដែលបណ្តាលអោយហ្វ្រាំង SU7 ឆេះ នៅពេលបើកបរក្នុងត្រេក ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា SU7 ធម្មតា ត្រូវបានរចនាឲ្យប្រើនៅលើផ្លូវសាធារណៈ ប៉ុន្តែមិនសមស្របសម្រាប់ផ្លូវត្រេកទេដូច្នោះហើយទើបធ្វើអោយវាឆេះ ។
សម្រាប់ Xiaomi SU7 Ultra វាបានរចនាឲ្យអាចប្រើក្នុងត្រេកបាន លោក Lei Jun ដែលជាស្ថាបនិកនិង CEO របស់ Xiaomi Autoបានប្រាប់ថា ម្ចាស់រថយន្តគួរតែប្រុងប្រយ័ត្ននិងចូលរួមក្នុងការបណ្តុះបណ្តាលមុនពេលបើកបរក្នុងត្រេក។ Xiaomi Auto ក៏បានផ្តល់អនុសាសន៍ដល់ម្ចាស់រថយន្តឲ្យចូលរួមក្នុងកម្មវិធី Xiaomi Auto Elite Driving Training ដើម្បីយល់ពីលក្ខណៈរបស់រថយន្តកាន់តែច្បាស់។
សម្រាប់ព័ត៌មានពីមុន Xiaomi បានដាក់កំណត់ល្បឿននិងកម្លាំងរថយន្តក្នុងសុវត្ថិភាព។ ទោះបីជា SU7 Ultra មានកម្លាំង 1,526 សេះ ក៏ដោយ វាមានកំណត់ល្បឿន 140 km/h និងកម្លាំងអស់សរុប 900 hp ដំបូង។ ការកំណត់នេះនឹងលុបចោល បន្ទាប់ពីរថយន្តបើកបាន 300 km។ វាជាវិធីសាស្រ្តរបស់ Xiaomi ដើម្បីកាត់បន្ថយគ្រោះថ្នាក់។