កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបានប្រកាសបើក និងផ្តល់នូវវិញ្ញាបនបត្រដល់ក្រុមហ៊ុន Apple ក្នុងការលក់របស់ពួកគេឡើងវិញជាផ្លូវការ បន្ទាប់ពីការហាមឃាត់ក្នុងការលក់ iPhone 16 ជាច្រើនខែ។ ក្នុងនោះ ក្រុមហ៊ុន Apple នឹងទទួលបានសិទ្ធលក់ផលិតផលចំនួន 20 ឡើងវិញ ដែលរួមបញ្ចូលទាំង iPhone 16 ផងដែរ។
ចំពោះការទទួលបានវិញ្ញាបនបត្រនេះ កើតឡើងបន្ទាប់ពី Apple បានប្រកាសវិនិយោគជាង 300 លានដុល្លារកាលពីខែមុន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលការវិនិយោគនេះ រួមបញ្ចូលទាំងការបង្កើតរោងចក្រផលិតសមាសធាតុ សម្រាប់ផលិតផលរបស់ Apple និងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍។
គួរឲដឹងថា កាលពីឆ្នាំមុន ឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសខ្លួន ពីព្រោះ Apple មិនបានបំពេញតាមច្បាប់វិនិយោគក្នុងស្រុក។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនបានធ្វើការសម្របសម្រួល និងបំពេញតាមលក្ខខណ្ឌដែលបានកំណត់ ហើយកំពុងរង់ចាំការអនុញ្ញាតបន្ថែមពីក្រសួងដែលទាក់ទង ដើម្បីអាចចាប់ផ្តើមលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី៕