ក្រុមហ៊ុនផលិតស្មាតហ្វូន Honor ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិន បានប្រកាសថា ពួកគេនឹងវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់ផលិតផលរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើងដោយនាយកប្រតិបត្តិលោក James Li នៅក្នុងពិព័រណ៍ Mobile World Congress (MWC) ដែលប្រព្រឹត្តនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
ក្នុងនោះ ក្រុមហ៊ុន Honor មានគោលដៅបង្កើតប្រព័ន្ធអេកូស៊ីស្តឹមឆ្លាតវៃ ដោយផ្តោតលើការអភិវឌ្ឈន៍ AI សម្រាប់ស្មាតហ្វូន កុំព្យូទ័រ ថេប្លេត និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដើម្បីបង្កើនបទពិសោធន៍របស់អ្នកប្រើប្រាស់ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងនៅក្នុងឧស្សាហកម្មស្មាតហ្វូន ជាពិសេសក្រុមហ៊ុន Huawei និង Vivo ។
គួរឲដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុន Honor បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ២ ទៅលេខ ៤ នៅក្នុងទីផ្សារស្មាតហ្វូនក្នុងប្រទេសចិន ដោយមានចំណែកទីផ្សារត្រឹមតែ ១៤,៩ ភាគរយ តែប៉ុណ្ណោះ។ ខណៈការវិនិយោគថ្មីនេះ ត្រូវបានរំពឹងថានឹងអាចជួយ ធ្វើឲក្រុមហ៊ុនខ្លួនមានការប្រកួតប្រជែងកាន់តែខ្លាំងវិញជាមួយក្រុមហ៊ុនដទៃៗ និងរួមចំណែកបង្កើតប្រព័ន្ធអេកូស៊ីស្តឹមឆ្លាតវៃថ្មីៗសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
បន្ថែមពីនេះ ក្រុមហ៊ុន Honor ផ្ទាល់ក៏កំពុងរៀបចំផែនការចុះបញ្ជីជាសាធារណៈផងដែរ ដោយទទួលបានការគាំទ្រពីរដ្ឋាភិបាលទីក្រុង Shenzhen ជាមួយនឹងការផ្តល់នូវមូលនិធិស្រាវជ្រាវ ការពង្រីកទីផ្សារនៅក្រៅប្រទេស និងការបញ្ចុះពន្ធ៕