យោងតាម OnLeaks បានធ្វើការដាក់បង្ហាញចេញនូវរូបភាព Render របស់ស្មាតហ្វូនបត់ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung គឺ Samsung Galaxy Z Fold 7 ។ ខណៈបើយោងតាមរូបភាពដែលបានបង្ហាញស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកម្រាស់ និងទម្ងន់ស្តើងជាងជំនាន់មុន។
ក្នុងនោះ Samsung Galaxy Z Fold 7 ត្រូវបានរំពឹងថានឹងចេញលក់នៅខែកក្កដា ឆ្នាំ 2025 ដោយទទួលបាននូវអេក្រង់ខាងក្នុងទំហំ 8.2 អ៊ីញ និងអេក្រង់ខាងក្រៅទំហំ 6.5 អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite មាន RAM និងអង្គផ្ទុក 12GB + 256GB, 12GB + 512GB និង 12GB + 1TB ។
សំខាន់ជាងនេះទៅទៀត Galaxy Z Fold 7 នឹងមានរចនាបែបស្តើងជាងមុន ពោលគឺអាចនឹងកម្រាស់ត្រឹមតែ 9.5mm ប៉ុណ្ណោះ (រួមទាំងកាម៉េរ៉ា) ធ្វើឱ្យវាស្តើងជាង Z Fold 6 ដល់ទៅ 3.1mm រួមជាមួយការអាប់ឌែតថ្មីទៅលើស្នាមបត់ផងដែរ។ ប៉ុន្តែការរចនានឹងទទួលបានស៊ុមប្រភេទពាសដែកអាលុយមីញ៉ូមពិសេស (special aluminum alloy armored side frame) ជំនួសឲស៊ុមអាលុយមីញ៉ូមធម្មតាដែលប្រើប្រាស់នៅលើ S25 Ultra និងកញ្ជក់ Corning Gorilla Glass Victus 2 protection ។
ចំពោះផ្នែកកាមេរ៉ាខាងក្រោយអាចនឹងទទួលបានសេនស័រថ្មីទំហំដល់ 200 មេហ្គាភិចសែល ដែលដូចគ្នានឹង S25 Plus និង S25 Ultra ថ្មី បូករួមជាមួយកាមេរ៉ា ultrawide 12 មេហ្គាភិចសែល និងលេន telephoto 10 មេហ្គាភិចសែល ដដែល។
សម្រាប់ផ្នែកថាមពលថ្មវិញ នឹងទទួលបានថ្ម 4,400mAh ដដែល តែគាំទ្រការសាកថ្មលឿន 45W រួមជាមួយប្រព័ន្ធស្អំកម្តៅថ្មី និងគាំទ្រការភ្ជាប់ Wi-Fi 7 ។ លើសពីនេះទៀត វាក៏ត្រូវបានគេរំពឹងថានឹងទទួលបានប៊ិក S Pen ថ្មីផងដែរ។ ខណៈព័ត៌មានលម្អិតបន្ថែមផ្សេងទៀត និងតម្លៃនឹងត្រូវប្រកាសចេញនូវពេលប្រកាសចេញផ្លូវការ៕