ក្រុមហ៊ុន Apple បានដាក់បង្ហាញចេញនូវស្មាតហ្វូនកូនពៅដែលជាម៉ូឌែលចុងក្រោយបំផុតក្នុងត្រកូល iPhone 16 គឺ iPhone 16e ដែលជាស្មាតហ្វូនដំបូងដែលប្រើប្រាស់នូវម៉ូដឹម 5G ដែលអភិវឌ្ឍដោយខ្លួនឯងដំបូងបង្អស់របស់ Apple ដោយជំនួសម៉ូដឹម 5G របស់ក្រុមហ៊ុន Qualcomm នៅក្នុង iPhone ផ្សេងទៀត។
ក្នុងនោះ បន្ទាប់ពីប្រកាសចេញស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងប្រកាសចេញនូវ iPhone 17 Series នៅក្នុងឆ្នាំ២០២៥ នេះ ដោយគ្រប់ម៉ូឌែលទាំងអស់នឹងបំពាក់បន្ទះឈីប Wi-Fi ដំបូងបង្អស់របស់ក្រុមហ៊ុន ដោយវានឹងជំនួសបន្ទះឈីប Broadcom ដែល Apple ប្រើបច្ចុប្បន្ន។
ជាមួយគ្នានេះ ស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេនៅក្នុង iPhone 17 Series គឺ iPhone 17 Air មិនត្រឹមតែប្រើបន្ទះឈីប Wi-Fi ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើម៉ូដឹម Apple C1 ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុង iPhone 16e ថែមទៀតផង។
ខណៈ iPhone 17, iPhone 17 Pro និង iPhone 17 Pro Max វិគ នឹងប្រើប្រាស់នូវម៉ូដឹមរបស់ Qualcomm ដដែល ជាមួយនឹងបន្ទះឈីប Wi-Fi របស់ពួកគេ ដើម្បីកាត់បន្ថយការចំណាយក្នុងចេតនាមួយ ព្រោះការប្រើប្រាស់នូវម៉ូដឹម និងបន្ទះឈីប Wi-Fi ក្នុងផ្ទះរបស់ពួកគេនឹងជួយសន្សំប្រាក់បានច្រើនដល់ Apple ដែលបច្ចុប្បន្នកំពុងចំណាយលើ Qualcomm និង Broadcom ៕