ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានសម្រេចបន្ថែមការវិនិយោគ 1 ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិត Apple AirTag និងផលិតផលផ្សេងៗរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ គោលដៅនៃការវិនិយោគនេះ គឺដើម្បីបំពេញតាមលក្ខខណ្ឌរដ្ឋាភិបាល ដោយសង្ឃឹមថានឹងអាចលក់ iPhone 16 series និង Watch 10 series នៅទីផ្សារមួយនេះវិញ។
ក្នុងនោះ ប្រសិនគម្រោងនេះអាចអនុវត្តបានជោគជ័យ នោះឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសទី ២ បន្ទាប់ពីវៀតណាម ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានរោងចក្រផលិត iPhone ។
គួរឲដឹងថា បញ្ហានេះបានចាប់ផ្តើមកើតមានតាំងពី 4 ខែមុនមកម្លេះ នៅពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 series និង Watch 10 series ពីព្រោះ Apple មិនអាចបំពេញតាមលក្ខខណ្ឌវិនិយោគ។ ដោយរដ្ឋាភិបាលប្រទេសនេះបានកំណត់ថា ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិត្រូវប្រើប្រាស់ 40% នៃសមាសភាគ ឬធនធានក្នុងស្រុក ក្នុងការផលិតឧបករណ៍ ដើម្បីអាចលក់នៅទីផ្សារបាន។
ដើម្បីដោះស្រាយបញ្ហានេះ Apple បានចាប់ផ្តើមពិភាក្សាជាមួយដៃគូផ្គត់ផ្គង់ ដោយបានប្តេជ្ញាចិត្តវិនិយោគ 109 លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ទោះជាយ៉ាងណា Apple បានវិនិយោគត្រឹមតែ 95 លានដុល្លារ ប៉ុណ្ណោះ។
ប៉ុន្តែដើម្បីបំពេញតាមលក្ខខណ្ឌរដ្ឋាភិបាល Apple បានបន្ថែមការវិនិយោគបន្ថែមចំនួន 10 លានដុល្លារ ទៀត និងបានបង្កើតរោងចក្រថ្មីនៅក្នុងរាជធានី Bandung សម្រាប់ផលិតគ្រឿងបន្លាស់។ ប៉ុន្តែការប្រឹងប្រែងទាំងនេះនៅតែមិនគ្រប់គ្រាន់។
ដូច្នេះ Apple បានសម្រេចបន្ថែមការវិនិយោគដល់ 1 ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិត Apple AirTag និងផលិតផលផ្សេងៗរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីផ្ទាល់តែម្តង។ ប្រសិនបើគម្រោងនេះអាចអនុវត្តបានជោគជ័យ នោះ Apple អាចនឹងទទួលបានការអនុញ្ញាតឱ្យលក់ iPhone 16 series នៅក្នុងទីផ្សារនេះវិញក្នុងពេលឆាប់ៗខាងមុខនេះ៕