រដ្ឋាភិបាលអូស្រ្តាលីនឹងឧបត្ថម្តថ្លៃយន្តហោះពាក់កណ្តាលដល់ភ្ញៀវទេសចរ ដែលជាផ្នែកមួយនៃកញ្ចប់លុយ ១,២ ពាន់លានដុល្លារអូស្ត្រាលី ដើម្បីទ្រទ្រង់ឧស្សាហកម្មទេសចរណ៍ដែលកំពុងទន់ខ្សោយខ្លាំង។
នាយករដ្ឋមន្រ្តី Scott Morrison បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការជួយនេះនឹងដំណើរការចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែកក្កដានេះ ដោយវាត្រូវបានរចនាឡើងដើម្បីជួយតំបន់ដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងកន្លែងបដិសណ្ឋារកិច្ច”។
កញ្ចប់នេះក៏រួមបញ្ចូលទាំងការគាំទ្របន្ថែមទៀត សម្រាប់ឧស្សាហកម្មអាកាសចរណ៍អន្តរជាតិ ហើយនឹងពង្រីកកម្មវិធីប្រាក់កម្ចីដែលគាំទ្រដោយរដ្ឋាភិបាល ដល់អាជីវកម្មខ្នាតតូច និងមធ្យមផងដែរ។
លោក Morrison បានមានប្រសាសន៍ទៀតថា “កម្មវិធីនេះនឹងផ្តល់នូវការងារ និងការវិនិយោគកាន់តែច្រើនសម្រាប់វិស័យទេសចរណ៍ និងអាកាសចរណ៍ ខណៈប្រទេសអូស្ត្រាលីកំពុងឈានឆ្ពោះទៅរក ការយកឈ្នះលើជំងឺកូវីដ១៩ និងការរឹតបន្តឹង ដែលបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មជាច្រើន នាពេលកន្លងមក”៕