ក្រុមហ៊ុន Xiaomi គ្រោងនឹងចេញលក់ទូរស័ព្ទដៃម៉ូដែលថ្មីរបស់ខ្លួនគឺ Xiaomi 15 Ultra នៅចុងខែកុម្ភៈនេះ ដោយនឹងដាក់លក់ជាដំបូងនៅក្នុងប្រទេសចិននៅចុងខែកុម្ភៈ ហើយនឹងចេញលក់ជាសកលនៅក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2025។
ក្នុងនោះ ទូរស័ព្ទនេះ នឹងមានការរចនាដែលស្រដៀងនឹងម៉ូដែលមុនៗ ប៉ុន្តែមានការរួមបញ្ចូលនូវសម្ភារៈប្រណិតៗដូចជាស្បែក និងលោហៈនៅផ្នែកខាងក្រោយ ធ្វើឱ្យវាមានរូបរាងស្រដៀងនឹងកាមេរ៉ា Leica ។
![](https://cambobiz.com/wp-content/uploads/2025/02/Xiaomi-15-Ultra-leaked-render-1-840w-472h.jpg.webp)
ជាមួយគ្នានេះ Xiaomi 15 Ultra ត្រូវបានរំពឹងថានឹងទទួលបានកាមេរ៉ាចំនួន 4 នៅខាងក្រោយ រួមមានសេនស័រ periscope 200MP សម្រាប់ការថតរូបពីចម្ងាយ និងសេនស័រ 50MP ចំនួន 3 ផ្សេងទៀត ដែលរួមមានកាមេរ៉ាមេប្រភេទ 1 អ៊ីញ កាមេរ៉ាតេឡេហ្វូតូ និងកាមេរ៉ាអ៊ុលត្រាវាយ។
ទូរស័ព្ទនេះ នឹងដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8 Elite ប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង HyperOS 2 មានអេក្រង់ AMOLED LTPO ទំហំ 6.78 អ៊ីញ 120Hz ជាមួយនឹងកម្រិតបង្ហាញ 2K ។ វានឹងភ្ជាប់មកជាមួយ RAM ដល់ 16GB និងទំហំផ្ទុកដល់ 1TB ព្រមទាំងភ្ជាប់មកជាមួយថ្ម 6,100mAh គាំទ្រការសាកថ្មលឿន 90W តាមខ្សែ និងការសាកថ្មឥតខ្សែកម្លាំង 50W ៕