យោងតាមរបាយការណ៍របស់ Bloomberg បាននិយាយថា ក្រុមហ៊៊ុនវិនិយោគិនរបស់អាមេរិកមួយ ដឹកនាំដោយស្ថាបនិក Employer.com លោក Jesse Tinsley និងអ្នកបង្កើតមាតិកាដ៏ល្បីលើ YouTube លោក Jimmy Donaldson ដែលគេស្គាល់ថា MrBeast កំពុងរៀបចំក្នុងការដេញថ្លៃដើម្បីទិញប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។
ក្នុងនោះ ក្រុមហ៊៊ុនមួយនេះបានទាក់ទាញវិនិយោគិនល្បីៗដូចជា លោក David Baszucki សហស្ថាបនិក និងនាយកប្រតិបត្តិរបស់ Roblox និងលោក Nathan McCauley សហស្ថាបនិក និងនាយកប្រតិបត្តិនៃ Anchorage Digital មកធ្វើការដេញថ្លៃដើម្បីទិញប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ដោយបានផ្តល់ការដេញថ្លៃជាង 20 ពាន់លានដុល្លារ។
ទោះបីជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ថា ក្រុមហ៊ុន ByteDance ដែលជាម្ចាស់ TikTok បានពិចារណាក្នុងការផ្តល់ជូននេះយ៉ាងខ្ជាប់ខ្ជួនឬអត់នោះទេ ខណៈក្រុមហ៊ុន និងបុគ្គលមានសក្តានុពលផ្សេងទៀតរបស់សហរដ្ឋអាមេរិករួមមាន លោក Elon Musk, ក្រុមហ៊ុន Amazon, ក្រុមហ៊ុន Oracle, ក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេនៅលើពិភពលោក Microsoft និងសម្ព័ន្ធដែលដឹកនាំដោយមហាសេដ្ឋី Frank McCourt ក៏កំពុងចរចាក្នុងការដេញថ្លៃនេះផងដែរ។
គួរបញ្ជាក់ថា ការចាប់អារម្មណ៍ក្នុងការទិញ TikTok របស់ក្រុមហ៊ុនធំៗជាច្រើនរបស់សហរដ្ឋអាមេរិកកើតឡើងក្នុងបរិបទនៃការព្រួយបារម្ភអំពីសន្តិសុខជាតិ និងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ជាង ១៧០ លាននាក់របស់ពួកគេ។ ទោះបីជាមានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើនក៏ដោយ ក៏មិនទាន់មានការសម្រេចចិត្តច្បាស់លាស់ពីក្រុមហ៊ុន ByteDance នៅឡើយទេ មានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះ៕