ក្រុមហ៊ុន Alibaba បានដាក់បង្ហាញចេញនូវម៉ូដែល AI ថ្មី Qwen 2.5-Max កាលពីថ្ងៃពុធ ដោយអះអាងថាវាដំណើរការល្អជាងម៉ូដែល AI របស់ដៃគូប្រកួតប្រជែងដូចជា DeepSeek-V3, GPT-4, និង Llama-3.1-405B ។
ការចេញផ្សាយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិន ដែលជាពេលដែលកម្មករចិនភាគច្រើនកំពុងសម្រាក។ សេចក្តីប្រកាសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានសង្កត់ធ្ងន់ថា Qwen 2.5-Max នឹឹងផ្តល់នូវដំណើរការកាន់តែប្រសើរឡើងនៅលើការតេស្តសមត្ថភាពមុខងារ AI ជាច្រើន បើប្រៀបធៀបទៅនឹងម៉ូដែលកំពូលមួយចំនួនពី OpenAI និង Meta ។
ខណៈភាពជោគជ័យរបស់ DeepSeek ជាពិសេសបន្ទាប់ពីការចេញផ្សាយម៉ូដែល DeepSeek-V3 និង R1 ក្នុងខែមករា បានបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យ AI ព្រោះមានការចំណាយទាបក្នុងការអភិវឌ្ឍន៍ និងការដាក់ឲប្រើប្រាស់ដោយសេរ៊ី បានបង្កើនការព្រួយបារម្ភជាខ្លាំពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗជាច្រើនរបស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ការប្រកួតប្រជែងនៅក្នុងប្រទេសចិនកាន់តែខ្លាំងឡើង ជាមួយនឹងការចេញផ្សាយ Qwen 2.5-Max របស់ Alibaba និងការអាប់ដេតរបស់ ByteDance ទៅនឹងម៉ូដែល AI របស់ខ្លួនភ្លាមៗបន្ទាប់ពីការចេញផ្សាយ DeepSeek R1 ដែលជាសញ្ញានៃការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសក្ដានុពលទីផ្សារ AI នាពេលបច្ចុប្បន្ននេះ៕