ក្រុមហ៊ុន Microsoft និង OpenAI បានប្រកាសថា ពួកគេកំពុងចាត់វិធានការលើការស៊ើបអង្កេតលើការចូលប្រើទិន្នន័យ API របស់ OpenAI ដោយគ្មានការអនុញ្ញាត ដែលអាចនឹងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន AI របស់ចិនគឺ DeepSeek ។
ក្នុងនោះ ក្រុមហ៊ុនដែលជាវិនិយោគិនធំជាងគេរបស់ OpenAI គឺ Microsoft បានរកឃើញការផ្ទេរទិន្នន័យទ្រង់ទ្រាយធំមួយចំនួននៅក្នុងឆ្នាំ 2023 និងបានដាក់ការព្រមានទៅ OpenAI ស្របពេលដែលក្រុមហ៊ុន AI, DeepSeek កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពេលនេះ បន្ទាប់ពីបញ្ចេញជំនួយការ AI ដែលអះអាងថាមានតម្លៃទាបជាង OpenAI ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះអ្នកវិភាគមួយចំនួន ជាពិសេស លោក David Sacks ដែលជាសហគ្រិន វិនិយោគិន និងជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងពិភពបច្ចេកវិទ្យា បានបញ្ជាក់ថា DeepSeek ប្រហែលជាបានលួចចំណេះដឹងពីគំរូរបស់ OpenAI ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ OpenAI បានទទួលស្គាល់ថាក្រុមហ៊ុនបរទេសជារឿយៗព្យាយាមចម្លងបច្ចេកវិទ្យារបស់ខ្លួន ប៉ុន្តែពួកមិនបានបញ្ចេញការអត្ថាធិប្បាយអំពីបញ្ហានេះនោះទេ ខណៈដែល DeepSeek ក៏មិនបានឆ្លើយតបទៅនឹងសារព័ត៌មាននេះផងដែរ មានតែរង់ចាំបន្តទៀត៕