Spotify បានរាយការណ៍ថា នៅក្នុងឆ្នាំ 2024 ពួកគេបានចំណាយប្រាក់ប្រមាណជាង 10 ពាន់លានដុល្លារ ទៅលើឧស្សាហកម្មតន្ត្រី។ ដោយក្នុងនោះប្រាក់ទាំងអស់នេះមិនបានទៅសិល្បករទាំងអស់ទេ ប៉ុន្តែក៏ចែករំលែកជាមួយ Publishers ដែលជាក្រុមហ៊ុនឬស្ថាប័នដែលមានតួនាទីគ្រប់គ្រងសិទ្ធិបញ្ញាដែលទាក់ទងនឹងបទចម្រៀងដើម្បីជួយផ្សព្វផ្សាយផងដែរ។
ជាមួយគ្នានេះ Spotify បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤, សិល្បករជាង 10,000 នាក់ អាចរកប្រាក់បានលើស 100,000 ដុល្លារ ក្នុងមួយឆ្នាំពី Spotify។ ក្នុងចំណោមនេះ សិល្បករចំនួន 1,250 នាក់ផ្សេងទៀត រកបានលើស 1 លានដុល្លារ និង 60 នាក់ ឈានមុខគេ អាចរកបានលើស 10 លានដុល្លារ ក្នុងមួយឆ្នាំពី Spotify ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ Spotify ត្រូវបង់ប្រាក់ប្រមាណ $3.0 ទៅកាន់សិល្បករឬក៏ម្ចាស់បទចម្រៀងនៅពេលដែលបទចម្រៀងរបស់ពួកគេត្រូវបានស្តាប់ 1,000 ដង ពោលគឺខុសពី Platform ផ្សេងៗដូចជា YouTube ត្រូវបង់ $4.8, Apple Music បង់ $6.2 និង Amazon Music បង់ $8.8 ។
ទន្ទឹមនឹងនេះ, Spotify ក៏បានលើកឡើងផងដែរថា ភាពជោគជ័យរបស់ពួកគេគឺបណ្តាលមកពីការរក្សាអ្នកស្តាប់ចម្រៀងក្នុង Platform របស់ពួកគេឲ្យត្រលប់មកស្តាប់បទចម្រៀងដែលពួកគេចូលចិត្តវិញបាននៅក្នុង Playlists និង AI DJ ដោយឥតគិតថ្លៃ រួមជាមួយនឹងការចូលទីផ្សារថ្មីរបស់ក្រុមហ៊ុនផងដែរ។
គួរឲដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Spotify មានអ្នកជាវសេវាកម្មស្ទ្រីមតន្ត្រី ឬ music streaming services សរុបចំនួន ៥០០ លាននាក់ ខណៈ Spotify ផ្ទាល់មានអ្នកជាវចំនួន 252 លាននាក់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនគិតថាពួកគេនឹងទទួលបានអ្នកជាវសេវាកម្មស្ទ្រីមតន្ត្រីដល់ 1 ពាន់លានអ្នក នាពេលអនាគត៕