ក្រុមហ៊ុន Asus បានដាក់បង្ហាញ ROG Phone 9 និង ROG Phone 9 Pro កាលពីខែវិច្ឆិកា ក្នុងឆ្នាំមុនគឺឆ្នាំ២០២៤ ហើយថ្មីៗនេះមានព័ត៌មានលេចឮថា ពួកគេគ្រោងនឹងបញ្ចេញម៉ូឌែល FE ថ្មីនៅក្នុងប្រទេសជាច្រើន ខណៈពេលដែលក្រុមហ៊ុន Asus មិនទាន់បញ្ជាក់នូវឡើយទេ ប៉ុន្តែ ROG Phone 9 FE អាចនឹងមានការរចនា និងលក្ខណៈពិសេសដូចខាងក្រោមនេះ។
បើយោងតាមរូបភាពខាងលើ Asus ROG Phone 9 FE អាចនឹងមានរូបរាងស្រដៀងទៅនឹង ROG Phone 9 Pro ហើយប្រភពដដែលបាននិយាយថាវាក៏អាចនឹងមានពណ៌ Phantom Black ផងដែរជាមួយកម្រាស់ 8.9 mm ទម្ងន់ 225 ក្រាម និងភ្ជាប់មកជាមួយ AirTrigger controls ។
ជាមួយគ្នានេះ ROG Phone 9 FE នឹងត្រូវបានបំពាក់ដោយឈីប Snapdragon 8 Gen 3 SoC ដំណើរការលើ boot Android 15 និងមាន RAM 16GB LPDDR5X និងអង្គផ្ទុកទិន្នន័យចាប់ពី 256GB ជាប្រភេទ UFS 4.0 storage onboard ។ ទៅលើផ្នែកអេក្រង់វិញ វាអាចនឹងបំពាក់អេក្រង់ 6.78″ FullHD+ LTPO AMOLED 165Hz ឈានដល់ 185Hz នៅក្នុង Game Genie មានពន្លឺភ្លឺខ្លាំងបំផុត 2,500 nits (1,600 nits HBM) និងកញ្ចក់ការពារ Gorilla Glass Victus 2 ។
ផ្នែកកាមេរ៉ាអាចមានកាមេរ៉ា 4 គ្រាប់ -លេនគោល 50MP ប្រើសេនស័រ Sony IMX890 មានOIS បូករួមជាមួយលេន13MP ultrawide, 5MP macro និងលេន selfie ទំហំ 32MP ។ ក្នុងនោះ ROG Phone 9 FE អាចនឹងមានថាមពលថ្ម 5,500 mAh ជាមួយនឹងការសាកថ្មតាមខ្សែ 65W ។ ស្មាតហ្វូននេះក៏នឹងមានការគាំទ្រការសាកឥតខ្សែផងដែរ។
ចំណុចផ្សេងៗទៀតរួមមានឧបករណ៍បំពងសំឡេងស្តេរ៉េអូ រន្ធដោតកាស 3.5 មីលីម៉ែត្រ គាំទ្រការភ្ជាប់ Wi-Fi 7 និងឧបករណ៍អានស្នាមម្រាមដៃលើអេក្រង់។ ស្មាតហ្វូននេះក៏នឹងមានអាវការពារកម្រិត IP68 ផងដែរ៕