ក្រុមហ៊ុន Walt Disney Co. បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបិទហាង Disney Stores យ៉ាងហោចណាស់ ចំនួន ៦០ កន្លែងនៅទូទាំងអាមេរិកខាងជើង ក្នុងឆ្នាំ ២០២១ នេះ។
ក្រុមហ៊ុនខាងលើបាននិយាយថា ខ្លួននឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើ ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ខណៈកាត់បន្ថយចំនួនទីតាំងដែលវាដំណើរការ។
ក្នុងអំឡុងពេលនៃជំងឺរាតត្បាត អ្នកប្រើប្រាស់បានផ្លាស់ប្តូរកាន់តែខ្លាំងឡើងក្នុងការទិញទំនិញ និងសេវាកម្មកាន់តែច្រើនតាមអ៊ីនធឺណិត ខណៈដែលរដ្ឋាភិបាលទាំងនៅសហរដ្ឋអាមេរិក និងនៅបរទេស អនុវត្តការចាក់សោរក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងនោះក្រុមហ៊ុនលក់ទំនិញរាយធំៗមួយចំនួន ជាពិសេសអ្នកដែលមានទីតាំងនៅផ្សារទំនើប រងការខាតបង់យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ អ្នកលក់រាយតាមអ៊ីនធឺណិត ដូចជា ក្រុមហ៊ុន Amazon.com Inc ឬ Target Corp ដែលបានពង្រីកអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ខ្លួន បានមើលឃើញពីការចំណេញយ៉ាងខ្លាំង នៅពេលអតិថិជនកាន់តែពឹងផ្អែកលើការទិញទំនិញតាមអ៊ីនធឺណិត៕