ក្រុមហ៊ុន Google បានសន្យាថា នឹងបញ្ចៀសការតាមដានសកម្មភាពតាមអ៊ិនធឺណែតលើបុគ្គលនីមួយៗ នៅពេលដែលវាចាប់ផ្តើមអនុវត្តប្រព័ន្ធថ្មី សម្រាប់កំណត់គោលដៅការផ្សាយពាណិជ្ជកម្មដោយមិនប្រើ “cookies”។
នៅខែនេះ Google នឹងចាប់ផ្តើមសាកល្បងជម្រើសមួយផ្សេងទៀត ដើម្បីអនុវត្តការតាមដានដែលវាជឿជាក់ថា អាចធ្វើឲ្យប្រសើរឡើងនូវភាពឯកជនតាមអ៊ីនធឺណិត ខណៈនៅតែអាចអនុញ្ញាតឲ្យអ្នកផ្សព្វផ្សាយ ផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធដដែល។
“យើងកំពុងបញ្ជាក់យ៉ាងច្បាស់ថា នៅពេល third-party cookies ត្រូវបានបញ្ឈប់ យើងនឹងមិនបង្កើតឧបករណ៍កំណត់អត្តសញ្ញាណផ្សេងទៀត ដើម្បីតាមដានបុគ្គល នៅពេលពួកគេរុករកនៅលើអ៊ីនធឺណិត ហើយក៏មិនប្រើទិន្នន័យទាំងនោះនៅក្នុងផលិតផលរបស់យើងដែរ”។ នេះបើតាមការបញ្ជាក់របស់លោក David Temkin ដែលជា Product Management Director របស់ក្រុមហ៊ុនខាងលើ។
គួរឲ្យដឹងថា ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពី Google ទទួលបានការរិះគន់ពាក់ព័ន្ធនឹង ភាពឯកជនរបស់អ្នកប្រើប្រាស់ និងបង្កើនការត្រួតពិនិត្យភាពឯកជន និងការពារសិទ្ធិទិន្នន័យរបស់ប្រជាជន៕