ភាគហ៊ុនរបស់ក្រុមហ៊ុន Disney បានកើនឡើងដល់ ៤,៧% កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមហ៊ុនកម្សាន្តយក្សមួយនេះ បាននិយាយថា ខ្លួននឹងរៀបចំអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តរបស់ខ្លួនឡើងវិញ ដើម្បីធ្វើឲ្យសេវាកម្មផ្សាយផ្ទាល់ Disney+ របស់ខ្លួនទទួលបានជោគជ័យ។
ការកើនឡើងតម្លៃភាគហ៊ុនបន្ថែមប្រហែល ១១ពាន់លានដុល្លារដល់មូលធននីយកម្មទីផ្សាររបស់ Disney ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២៣៧ពាន់លានដុល្លារ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃច័ន្ទ ក្រុមច្នៃប្រឌិតរបស់ Disney នឹងផ្តោតលើការផលិតមាតិកាសម្រាប់សេវាកម្មផ្សាយ (Streaming service) របស់ខ្លួន ក៏ដូចជាវេទិកាភាពយន្ត និងបណ្តាញទូរទស្សន៍ជាដើម។ Disney ក៏នឹងដាក់ក្រុមចែកចាយ និងធ្វើពាណិជ្ជកម្មរបស់ខ្លួន ឲ្យក្លាយទៅជាអង្គភាពមួយ ដែលនឹងត្រួតពិនិត្យសេវាកម្មផ្សាយរបស់ខ្លួន និងគ្រប់គ្រងទាំងការចែកចាយ និងការលក់ការផ្សាយពាណិជ្ជកម្មផងដែរ។
គួរឲ្យដឹងថា ក្រុមហ៊ុន Disney+ ដែលទើបតែចាប់ផ្តើមដំណើរការនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩ បានកើនចំនួនអតិថិជន ៦០,៥លាននាក់ហើយ គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។ ដោយឡែក ក្រុមហ៊ុន Netflix ដែលជាអ្នកនាំមុខគេផ្នែកនេះ បានរាយការណ៍ថាមានអតិថិជនចំនួន ១៩៣លាននាក់ ត្រឹមចុងខែមិថុនា៕