ដូចសព្វមួយដង Apple បានប្រកាសចេញ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន គី iPhone 12 សរុបចំនួន ៤ ម៉ូដែល ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមនុស្សនៅទូទាំងពិភពលោក។
អ្វីដែលគេកាន់តែចាប់អារម្មណ៍ និងកត់សម្គាល់ខ្លាំង គឺ Apple មិនបានដាក់កាសមានខ្សែ និងដុំឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ទាំង ៤ ម៉ូដែលនោះឡើយ។
គួរឲ្យដឹងថា iPhone ថ្មីទាំង ៤ ម៉ូដែលនោះមាន ដូចជា iPhone 12 Mini តម្លៃចាប់ពី ៦៩៩ដុល្លារ, iPhone 12 តម្លៃចាប់ពី ៧៩៩ដុល្លារ, iPhone 12 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី ១ ០៩៩ដុល្លារ។
បើយោងតាមក្រុមហ៊ុន Apple ផ្ទាល់បានបញ្ជាក់ថា ការដែលឈប់ដាក់កាសមានខ្សែ និងដុំឆ្នាំងសាកនៅក្នុងប្រអប់ គឺមកពីមូលហេតុ ៤។ ទី១ កាត់បន្ថយការវេចខ្ចប់ iPhone, ទី២ កាត់បន្ថយការបំភាយកាបូន, ទី៣ កាត់បន្ថយការជីកយករ៉ែ និង ទី៤ កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើមដែលបានប្រើដើម្បីផលិតរបស់ទាំងនេះ។
គួរឲ្យដឹងដែរថា iPhone 12 ទាំង ៤ ម៉ូដែលខាងលើ នឹងប្រើខ្សែសាកថ្មថ្មី ប្រភេទ Lighting ទៅ USB-C ដែលមានន័យថា អ្នកប្រើ iPhone 12 ត្រូវតែទិញដុំសាកថ្មថ្មីបន្ថែម៕