[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ខ្ទង់ ៣៥ ៩៤០ ដុល្លារ សម្រាប់ជម្រើសប៉ុង ១ RWD និង ៤១ ៣៩៣ ដុល្លារ សម្រាប់ជម្រើសប៉ុង ២ AWD ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅខែមិនា ឆ្នាំ ២០២៥ ។
Tesla Model Y Juniper មានប្រវែងតួខ្លួនសរុប ៤ ៧៩៧ ម.ម ទទឹង ២ ១២៩ ម.ម កម្ពស់ ១ ៦២៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម វែងជាង Tesla Model Y ចំនួន ៤៧ មីលីម៉ែត្រ និងទាបជាង ១ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៩៥ សេះ ផ្គួបជាមួយអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយឆ្ងាយជាងមុនចំនួន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចម្ងាយ ៥៩៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៥,៩វិនាទី សុីថ្ម ១១,៩ គីឡូវ៉ាត់ម៉ោង/១០០គ.ម។
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ៤៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយឆ្ងាយជាងមុនចំនួន ៣១ គីឡូម៉ែត្រ ពោលគឺអាចបើកបរបានចម្ងាយ ៧១៩ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេល ៤,៣វិនាទី សុីថ្ម ១៣,៤ គីឡូវ៉ាត់ម៉ោង/១០០គ.ម។
សម្រាប់ការរចនាផ្នែកខាងក្រៅ គឺទទួលបានការរចនាថ្មីទៅលើផ្នែកខាងមុខ គឺប្រើភាសារចនាចុងក្រោយបង្អស់ជាមួយនឹងចង្កៀង LED រាងស្លីមនៅលើកាងខាងមុខដែលបំផុសគំនិតពីម៉ូដែល Cybertruck និង Cybercab ។ ចំណែកផ្នែកខាងក្រោយវិញ Tesla Model Y Juniper រក្សាបាននូវរូបរាងតំណក់ទឹកភ្លៀងប្លែកពីគេ ប៉ុន្តែប្រើអំពូលភ្លើងខាងក្រោយតែមួយ និង spoiler កន្ទុយទាដើម្បីបន្ថែមរូបរាងស្ព័រផងដែរ។ ចំពោះលក្ខណៈពិសេសផ្សេងទៀតនៃផ្នែកខាងក្រៅរបស់រថយន្ត Juniper រួមមានការរចនាកង់ថ្មីទំហំ ១៩អ៊ីញ និង ២០ អ៊ីញ ទ្វារដៃប្រភេទ flush door handles និងជម្រើសពណ៌ខៀវថ្មី។
ចំពោះនៅផ្នែកខាងក្នុងវិញ នៅតែប្រើប្រាស់ការឌីស្សាញបែប Minimalistic ដដែល ដោយទទួលបានអេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥ អ៊ីញ ដំណើរការដោយ AMD Ryzen ឧបករណ៍បំពងសំឡេងចំនួន ១៦ចំនុច និងបានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី ប៉ុន្តែមិនមានកុងទ័របង្ហាញព៌ត័មាននោះទេ។ ជំនួសមកវិញ Tesla បានបន្ថែមកន្លែងសាកថ្មឥតខ្សែ និងគ្លប់ដាក់ឥវ៉ាន់ផងដែរ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយបើកបរ AI4 និងធ្វើឲប្រសើរឡើងទៅលើកៅអីអង្គុយទៀតផង៕