ក្រុមហ៊ុនផលិតទូរស័ព្ទដៃ realme បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី realme 14 Pro+ ដោយស៊េរីថ្មីនេះមានបច្ចេកវិទ្យាថ្មីប្លែកៗជាច្រើន រួមជាមួយនឹងការរចនាខ្នងខាងក្រោយដែលអាចផ្លាស់ប្តូរពណ៌បានទៅជាពណ៌សគុជខ្យងពេលស្ថិតនៅក្រោមសីតុណ្ហភាព 16°C ជាមួយតម្លៃលក់ចាប់ពី ៣៥៤ ដុល្លារ ដល់ ៣៨១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ទូរស័ព្ទដៃ realme 14 Pro+ ទទួលបានអេក្រង់កោងប្រភេទ AMOLED ទំហំ ៦,៨៣ អ៊ីញ 120Hz មានកម្រិតបង្ហាញ Full HD+ (2800 x 1272pixels) និងការរចនាគែមស្តើងសល់ត្រឹម ១,៦ ម.ម ប៉ុណ្ណោះ ដំណើរការដោយបន្ទះឈីប Snapdragon 7s Gen 3 ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ realme UI 6.0 និងទទួលបាន RAM 12GB និងអង្គផ្ទុក 256GB / 512GB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃនេះ ទទួលបានកញ្ជប់ថាមពលថ្មទំហំធំដល់ 6,000mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 80W ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ OPPO A5 Pro គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP66 + IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.2, រន្ធ USB Type-C audio និង Stereo speakers ។
ចំពោះលក្ខណៈពិសេសបច្ចេកទេសរបស់ស្មាតហ្វូនសេរ៊ីថ្មីនេះ គឺទទួលបានកាមេរ៉ា “Ocean Oculus” ដែលមានការដំឡើងកាមេរ៉ាចំនួន ៣ ជារាងរង្វង់ ដែលមានសមត្ថភាពថតរូបពេលយប់បានល្អបំផុត ដែលគាំទ្រប្រព័ន្ធ AI មួយចំនួន មានដូចជា AI Ultra Clarity 2.0 និងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Sony IMX896 មាន aperture f/1.88 និង OIS បូករួមជាមួយលេន ultra-wide ទំហំ 8MP មាន aperture f/2.2 និងលេន periscope telephoto ទំហំ 50MP ប្រើប្រាស់សេនស័រ Sony IMX882 គាំទ្រការថត 3X Optical Zoom, 6X in-sensor zoom និង 120x zoom Digital Zoom មាន aperture f/2.65 និងភ្លើង LED flash ចំនួន៣ គ្រាប់ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃនេះវិញ មានទំហំ 32MP មាន aperture f/2.45 ប្រើប្រាស់ Sony sensor ។
គួរឲដឹងថា បើនិយាយពីការរចនាវិញ ស្មាតហ្វូននេះ ត្រូវផលិតឡើងចំនួន ៣០ជំហាន ដោយរចនាចេញពីវត្ថុធាតុដើម “fusion fiber” ចំនួន ៩៥ភាគរយ ដែលជាវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន៕