ស្មាតហ្វូន Samsung Galaxy Z Flip7 ដែលជាទូរស័ព្ទដែលអាចបត់បានជំនាន់ថ្មី ឫក៏សេរ៊ីថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៏ថា អាចនឹងចេញលក់នៅពាក់កណ្តាលទី២ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់បន្ទះឈីបថ្មី Exynos 2500 របស់ក្រុមហ៊ុន Samsung ផ្ទាល់។
ក្នុងនោះ ការប្រើប្រាស់បន្ទះឈីបថ្មី Exynos 2500 របស់ក្រុមហ៊ុន Samsung ផ្ទាល់នៅលើស្មាតហ្វូន Samsung Galaxy Z Flip7 ត្រូវបានរំពឹងថានឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារការបំបែកខ្លួនពីការពឹងផ្អែកលើក្រុមហ៊ុន Qualcomm APs ក្នុងការផលិតបន្ទះឈីបសម្រាប់ Galaxy Z Flip មុនៗ។
សម្រាប់ការប្រើប្រាស់ Exynos 2500 នៅក្នុង Z Flip7 មិនត្រឹមតែបង្ហាញពីការរីកចម្រើនបច្ចេកវិទ្យាផ្នែកបន្ទះឈីបរបស់ Samsung ប៉ុណ្ណោះទេ ប៉ុន្តែមានន័យថា Samsung កំពុងសាកល្បងបន្ទះឈីបថ្មីនេះនៅក្នុងស្មាតហ្វូនដែលអាចបត់បានរបស់ពួកគេផ្ទាល់តែម្តងដោយអាចនឹងប្រើប្រាស់នូវស្ថាបត្យកម្ម 3nm ។
នៅក្នុងឆ្នាំ២០២៥ ស្មាតហ្វូន Samsung Galaxy Z Flip7 ត្រូវបានរំពឹងថា នឹងមានផលិតកម្មក្នុងបរិមាណកម្រិតទាបប្រមាណ ៣ លានគ្រឿង ប៉ុណ្ណោះ ពោលគឺមានត្រឹមតែ ១ភាគរយ នៃការផលិតស្មាតហ្វូនសរុបរបស់ Samsung ប៉ុណ្ណោះ ។
គួរឲដឹងថា ការផ្លាស់ប្តូរនេះក៏អាចនឹងបង្កជាផលប៉ះពាល់ដល់ក្រុមហ៊ុន Samsung Foundry ផងដែរ ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាខ្លាំងពីសំណាក់ក្រុមហ៊ុន TSMC ៕