ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះអេក្រង់ទូរស័ព្ទ iPhone ដែលគ្មានគែម ឬ zero-bezel screen ជាមួយនឹងក្រុមហ៊ុន Samsung Display និង LG Display របស់ប្រទេសកូរ៉េខាងត្បូងជាច្រើនឆ្នាំមកហើយ ដោយអាចនឹងដាក់បង្ហាញចេញក្នុងឆ្នាំ២០២៧ ឫមុខឆ្នាំ២០៣០ ។
បើយោងតាមការរាយការណ៍ពីប្រទេសកូរ៉េបាននិយាយថា ដើមឡើយ Apple ចង់បញ្ចេញបច្ចេកវិទ្យាបន្ទះអេក្រង់ទូរស័ព្ទ iPhone ដែលគ្មានគែម ឬ zero-bezel screen នៅក្នុងឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខនេះ ប៉ុន្តែក្តីសុបិនរបស់ពួកគេនេះប្រហែលជាត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៧ យ៉ាងតិច ក៏ព្រោះតែបច្ចេកវិទ្យា និងលទ្ធភាពក្នុងការផលិតបរិមាណធំមិនទាន់មានគ្រាប់គ្រាន់នៅឡើយ។
ជាមួយគ្នានេះផងដែរ ទូរសព្ទដែលគ្មានគែមរបស់ Apple ត្រូវបានគេរាយការណ៍ថា នឹងមានអេក្រង់សំប៉ែត ជាមួយនឹងការរចនារាងកោងបួនជ្រុង និងរលោង ប៉ុន្តែមិនដូចអេក្រង់កោងខ្លាំងដូចនឹងស្មាតហ្វូនមួយចំនួននោះទេ ពោលគឺ Apple ចង់ជៀសវាងបញ្ហាដែលអាចប៉ះពាល់ដល់ការប្រើប្រាស់។
គួរបញ្ជាក់ថា បច្ចុប្បន្ន Apple នឹងមិនមានការកែប្រែការរចនាអេក្រង់ក្នុងលក្ខខណ្ឌទ្រង់ទ្រាយធំនោះឡើយ ដោយពួកគេអាចនឹងធ្វើការអាប់ឌែតថ្មីតិចតូចប៉ុណ្តោះ ដូចជាការអាប់ឌែតពី iPhone 15 ទៅ iPhone 16 ពោលគឺមានការកែប្រែទៅលើការរចនាគែមអេក្រង់តូចស្តើងជាងមុន៕