បើយោងតាមសារព៌ត័មាន Paras Guglani បានធ្វើការដាក់បង្ហាញចេញនូវព័ត៌មានលម្អិតមួយចំនួនរបស់ស្មាតហ្វូន POCO X7 ដោយបាននិយាយថា ស្មាតហ្វូន POCO X7 គឺជាកំណែប្រែឈ្មោះរបស់ Redmi Note 14 Pro ប៉ុណ្ណោះ ប៉ុន្តែមានថ្មតូចជាង ហើយគ្រោងនឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ទូរស័ព្ទដៃ POCO X7 ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2712×1220 pixels) ប្រើប្រាស់កញ្ជក់ការពារប្រភេទ Corning Gorilla Glass Victus 2 protection ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7300 Ultra 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Xiaomi HyperOS 2 និងទទួលបាន RAM 8GB / 12GB និងអង្គផ្ទុក 256GB / 512GB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
ចំពោះផ្នែកកាមេរ៉ាវិញ POCO X7 ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារជំនួយលំនឹង OIS បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP និងលេនថតវត្ថុជិត Macro ទំហំ 2MP ខណៈកាមេរ៉ាផ្នែកខាងមុខអាចនឹងមានទំហំ 20MP ។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ POCO X7 អាចនឹងទទួលបានកញ្ជប់ថ្មទំហំ 5,110mAh គាំទ្រការសាកតាមខ្សែ 45W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ ក៏អាចនឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ផងដែរ៕