[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត MPV ប្រណិត Toyota Alphard និង Vellfire minivans សម្រាប់កំណែអាប់ដេតឆ្នាំ២០២៥ ផ្តល់ជូននូវជម្រើសបច្ចេកវិទ្យា plug-in hybrid និងជម្រើស Space Lounge ថ្មី ជាប្រភេទ ៤កៅអី ថ្មី ដែលមានការកែឆ្នៃ និងបំផុសគំនិតចេញពី Lexus LM សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៣៦ ២០០ ដុល្លារ ដល់ ៦៩ ៣០០ ដុល្លារ។
រថយន្តនេះ ដំណើរការដោយបច្ចេកវិទ្យា plug-in hybrid រួមបញ្ជូលគ្នារវាងម៉ាស៊ីនសាំង ២,៥ លីត្រ ជាមួយនឹងប្រព័ន្ធ E-Four អាចផលិតកម្លាំង ៣០២សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៧៣ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងអាចសាកឡើងបាន ៨០ភាគរយ ចំណាយពេលខ្ទង់ ៣៨នាទី ប៉ុណ្ណោះ។
សម្រាប់ជម្រើស Space Lounge ថ្មី ទទួលបានកៅអីចំនួន ៤ ដែលបំផុសគំនិតចេញ Lexus LM រន្ធម៉ាសុីនត្រជាក់បន្ថែម ឧបករណ៍បំពងសំឡេង ទូទឹកកក កន្លែងសាកថ្មទូរស័ព្ទ វាំងនន កន្លែងដាក់ជើង កម្រាលព្រំថ្មី និងកន្លែងដាក់ឥវ៉ាន់ប៉ុន្តែបើប្រៀបធៀបទៅនឹង Lexus LM ជម្រើសថ្មីនេះខ្វះអេក្រង់ទំហំ ៤៨ អ៊ីញ។
ចំពោះលក្ខណៈពិសេសបន្ថែមសម្រាប់កំណែអាប់ដេតឆ្នាំ២០២៥ របស់ Toyota Alphard និង Vellfire minivans មានដូចជា ជម្រើសពណ៌ថ្មីសម្រាប់ Vellfire (Vellfire Precious Metal Shade), ជម្រើស ៨កៅអីថ្មី (Eight-Seater X Trim) សម្រាប់ Alphard និងទទួលបានការធ្វើឱ្យប្រសើរឡើងទៅលើផ្នែកបច្ចេកវិទ្យា ដោយជម្រើស Z និង Z Premier ទទួលបានប្រព័ន្ធសំឡេង JBL premium ចំនួន ១៥ចំនុច, អេក្រង់ខាងក្រោយទំហំ ១៤ អ៊ីញ ក៏ដូចជាកញ្ចក់ខាងក្នុងបែបឌីជីថលស្តង់ដារដែលភ្ជាប់មកជាមួយនឹងកាមេរ៉ា និងមានលក្ខណៈពិសេសៗជាច្រើនទៀតផងដែរ។
គួរឲដឹងថា ការប្រកាសចេញលក់រថយន្ត Toyota Alphard និង Vellfire ដែលត្រូវបានអាប់ដេតនៅក្នុងប្រទេសជប៉ុននឹងចាប់ផ្តើមនៅក្នុងខែមករា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕