[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃ និងព៌ត័មានលម្អិតរបស់រថយន្ត The All-New Hyundai Palisade ជំនាន់ថ្មី ស៊េរីឆ្នាំ២០២៦ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ៣០ ៣០០ ដុល្លារ ដល់ ៤១ ៧០០ ដុល្លារ ហើយគ្រោងនឹងប្រកាសចេញលក់នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។
Hyundai Palisade ជំនាន់ថ្មី ផលិតឡើងនៅលើគ្រោងឆ្អឹង unibody platform ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៧ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ មានកម្រិតសុីប្រេង ៩,៧លីត្រ/១០០គ.ម។
- ម៉ាស៊ីនកូនកាត Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣០ សេះ ផ្គួបជាមួយអាគុយទំហំ ១,៦៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុបលើសពី ១ពាន់គីឡូម៉ែត្រ នៅពេលចាក់សាំងពេញម្តង។
ក្នុងនោះរថយន្ត SUV នេះជារថយន្តដំបូងគេរបស់ Hyundai ដែលបានបំពាក់ប្រព័ន្ធជើងក្រោម Electronic Controlled Suspension ។
សម្រាប់រថយន្តប្រភេទ SUV នេះមានទំហំធំជាងមុន ពោលគឺមានប្រវែងតួខ្លួនសរុប ៥ ០៦០ ម.ម ទទឹង ១ ៩៨០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។ ចំពោះការរចនាផ្នែកខាងក្រៅ គឺទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៊ីញថ្មីផងដែរ។
ចំណែកនៅផ្នែកខាងក្នុងវិញ ទទួលបានជម្រើស ៧ និង ៩កៅអី រួមជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះ ទំហំសរុប ២៤,៦ អ៊ីញ ការតុបតែងលម្អដោយឈើ និងកញ្ចក់ការពារសំលេងរំខានពីខាងក្រៅជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ទៀតផង ៕