កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានប្រចាំប្រទេសចិន បានដាក់បង្ហាញចេញនូវព៌ត័មានបែកធ្លាយមួយចំនួនរបស់ស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុន Samsung គឺ Galaxy S25 Slim ហើយអាចនឹងប្រកាសចេញជាផ្លូវការនៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ចន្លោះខែមេសា និងខែមិថុនា។
ក្នុងនោះ ស្មាតហ្វូន Samsung Galaxy S25 Slim ត្រូវបានរំពឹងថានឹងទទួលបានលេនកាមេរ៉ាគោលទំហំ 200 MP ប្រើប្រាស់សេនស័រ ISOCELL HP5 របស់ Samsung បូករួមជាមួយលេនទូលាយ ultra-wide ទំហំ 50 MP និងលេនពង្រីក telephoto ទំហំ 50 MP គាំទ្រការថត 3.5x optical zoom ប្រើប្រាស់សេនស័រ ISOCELL JN5 ដូចគ្នា ចំណែកកាមេរ៉ាផ្នែកខាងមុខត្រូវបានរំពឹងថានឹងមានទំហំ 16MP ។
ទន្ទឹមនឹងនេះ Samsung Galaxy S25 Slim អាចនឹងដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ។ លើសពីនេះទៅទៀត ស្មាតហ្វូនមួយនេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ One UI 7 ព្រមទាំងទទួលបានកញ្ជប់ថាមពលថ្មធំចន្លោះពី 4,700 mAh ទៅ 5,000 mAh និងប្រើប្រាស់នូវអេក្រង់ទំហំ ៦,៦៦ អ៊ីញ ដូចគ្នាទៅនឹង S25+ ។
គួរបញ្ជាក់ផងថា ម៉ូឌែល Galaxy S25 Slim ត្រូវបានគេរំពឹងថានឹងក្លាយជាស្មាតហ្វូនដែលមានការរចនាស្តើង និងមានគែមខ្លីបំផុតរបស់ Samsung ៕