ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៏ថា កំពុងធ្វើការអភិវឌ្ឍន៍លើកាមេរ៉ាទ្វារផ្ទះឆ្លាតវៃថ្មីដែលគាំទ្របច្ចេកវិទ្យា ឫក៏មុខងារ Face ID ដោយមានសមត្ថភាពអាចដោះសោទ្វារបានដោយស្វ័យប្រវត្តិដូចនៅលើស្មាតហ្វូនរបស់ខ្លួន។
បើយោងតាម Mark Gurman របស់ Bloomberg បាននិយាយថា ឧបករណ៍នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍដំបូង ហើយអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២៥ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ចំពោះលក្ខណៈពិសេសៗសំខាន់ៗរបស់កាមេរ៉ាទ្វារឆ្លាតវៃ ឫ Smart Doorbell នេះ នឹងប្រើប្រាស់បន្ទះឈីប Secure Enclave របស់ Apple ដើម្បីគ្រប់គ្រងព័ត៌មាន Face ID ដោយធានាបានថាមានឯកជនភាពខ្ពស់គ្មានការលួចយកទិន្នន័យចេញពីប្រព័ន្ធ Hardware ។ ខណៈការប្រើប្រាស់ គឺមានភាពស្រដៀងទៅនឹងមុខងារ Face ID នៅលើ iPhone គឺវាអាចដោះសោទ្វារបានដោយស្វ័យប្រវត្តិ នៅពេលស្គាល់មុខម្ចាស់ផ្ទះ ឬអ្នកស្នាក់នៅដែលបានចុះឈ្មោះ។
លើសពីនេះទៅទៀត ឧបករណ៍មួយនេះក៏គាំទ្រប្រព័ន្ធចាក់សោ HomeKit ដែលរួមបញ្ជូលនូវមុខងារសុវត្ថិភាពកម្រិតខ្ពស់ និងប្រព័ន្ធបន្ទះឈីប Proxima របស់ Apple ផ្ទាល់ផងដែរ ដែលអាចភ្ជាប់ Wi-Fi, Bluetooth, HomePod Mini និង Apple TV ។
ជាមួយគ្នានេះផងដែរ បើយោងតាមលោក Gurman បាននិយាយថា Apple អាចនឹងបញ្ចេញផលិតផលនេះនៅក្រោមម៉ាកយីហោរបស់ខ្លួន ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានឡើងទាក់ទងនឹងផ្នែកសុវត្ថិភាព។ ម៉្យាងទៀតក្រុមហ៊ុនមួយនេះក៏អាចសហការជាមួយដៃគូដូចជា Belkin ឬ Logitech ដើម្បីនាំយកផលិតផលនេះទៅកាន់ទីផ្សារផងដែរ៕