បើយោងតាមសារព៌ត័មានប្រចាំប្រទេសចិន Digital Chat Station បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO នឹងប្រកាសដាក់បង្ហាញចេញនូវស្មាតហ្វូនខ្នាតកំពូលរបស់ពួកគេគឺ Find X8 Ultra នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីប្រកាសចេញ Find X8 និង Find X8 Pro នៅក្នុងខែតុលា នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ ស្មាតហ្វូន OPPO Find X8 Ultra ត្រូវបានរំពឹងថានឹងទទួលបានលេនកាមេរ៉ាគោលទំហំ 50MP ប្រើប្រាស់សេនស័រ Sony LYT-900 បូករួមជាមួយលេនទូលាយ ultra-wide ទំហំ 50 MP និងលេនពង្រីក telephoto ទំហំ 50 MP ចំនួន២ គាំទ្រការថត 3X និង 6X optical zoom ប្រើប្រាស់សេនស័រ Sony IMX906 និង Sony IMX882 ចំណែកកាមេរ៉ាផ្នែកខាងមុខត្រូវបានរំពឹងថានឹងមានទំហំ 50MP ។
ទន្ទឹមនឹងនេះ OPPO Find X8 Ultra អាចនឹងដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ។ លើសពីនេះទៅទៀត ស្មាតហ្វូនមួយនេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS ព្រមទាំងទទួលបានកញ្ជប់ថាមពលថ្មធំដល់ 6,000mAh គាំទ្រការសាកថ្ម 80W តាមខ្សែ និង 50W ឥតខ្សែ និងប្រើប្រាស់នូវអេក្រង់កោងប្រភេទ OLED 120Hz មានកម្រិតបង្ហាញ 2K ។
គួរបញ្ជាក់ផងថា ម៉ូឌែល Find X8 Ultra ត្រូវបានគេរំពឹងថានឹងក្លាយជាគូរប្រកួតប្រជែងជាមួយនឹង Xiaomi 15 Ultra និង vivo X200 Ultra ដែលត្រៀមប្រកាសចេញនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕