[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Atto2 ឫ BYD Yuan Pro ស៊េរីឆ្នាំ២០២៥ ប្រភេទ Crossover អគ្គិសនីសុទ្ធ ហើយគ្រោងនឹងប្រកាសលក់នៅក្នុងទីផ្សារចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
BYD Atto2 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤២,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឹង ១ ៨៣០ ម.ម កម្ពស់ ១ ៦៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាជាលក្ខណៈជាជ្រុង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាជាមួយពណ៌ខ្មៅ និងពណ៌ត្នោតខ្ចីបញ្ជូលគ្នា កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក ដំបូលកញ្ចក់ Panoramic sunroof ប៊ូតុងមួយចំនួននៅលើដៃចង្កូត និងកុងសូល និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕