ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងសម្លឹងមើលការវិនិយោគដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ការព្រួយបារម្ភក៏កំពុងតែកើនឡើងផងដែរ ជុំវិញផលប៉ះពាល់បរិស្ថាន ដែលអាចកើតមានដោយសារការធ្វើអាជីវកម្មរ៉ែនីកែល (nickel) ដើម្បីផលិតអាគុយរថយន្តអគ្គិសនី។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថា បានដាក់សំណើដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ទោះបីជាមិនទាន់មានសេចក្តីប្រកាសជាផ្លូវការណាមួយត្រូវបានធ្វើឡើង ហើយអ្នកធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល នៅតែបិទមាត់ជិតអំពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងរឿងនេះ។
យ៉ាងណាក៏ដោយ ទស្សនវិស័យរបស់ប្រទេសឥណ្ឌូនេស៊ី នឹងក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ផលិតអាគុយ នៅក្នុងបដិវត្តយានយន្តអគ្គិសនី និងជាបណ្តាញភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយក៏បានមើលឃើញថា ការធ្វើអាជីវកម្មរ៉ែ និងនីកែល បានកើនឡើងនៅទូទាំងប្រទេសរួចទៅហើយ។
គួរឲ្យដឹងថា ឥណ្ឌូនេស៊ី មានធនធាននីកែលច្រើនណាស់ វាមានប្រហែលមួយភាគបួននៃការផ្គត់ផ្គង់របស់ពិភពលោកទាំងមូល។ វាគឺជាលោហៈធាតុដែលមានសារៈសំខាន់ខ្លាំងនៅក្នុងអាគុយ ដោយសារតែលក្ខណៈសម្បត្តិរបស់វា ដែលអាចផ្តល់សមត្ថភាពថាមពលដ៏ច្រើន៕