បើយោងតាមសារព៌ត័ Digital Chat Station បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូន iQOO នឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី iQOO Z10 Turbo នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីប្រកាសចេញនូវស្មាតហ្វូន iQOO Z9 Turbo នៅក្នុងខែមេសា ឆ្នាំ២០២៤ ជាមួយតម្លៃលក់ចាប់ពី ២៧៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ទូរស័ព្ទដៃ iQOO Z10 Turbo ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED 120Hz មានកម្រិតបង្ហាញ 1.5K ដំណើរការដោយបន្ទះឈីប Snapdragon 8s Elite របស់ក្រុមហ៊ុន Qualcomm និងបន្ទះឈីបហ្គេមដែលផលិតដោយខ្លួនផ្ទាល់ ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
ចំពោះផ្នែកកាមេរ៉ាវិញ iQOO Z10 Turbo ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាខាងក្រោយចំនួន ២ មានទំហំ 50MP ។ ចំណែកផ្នែកថាមពលថ្ម អាចនឹងទទួលបានកញ្ជប់ថ្មទំហំធំដល់ 7,000 mAh គាំទ្រការសាកតាមខ្សែ 80W និង 90W។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ ក៏ត្រូវបានរំពឹងផងដែលថានឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 និង IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C 3.2, NFC និងទទួលបានរន្ធ USB Type-C audio, បាសសម្លេង Stereo speakers និងរន្ធ microphone ចំនួន២ ៕