យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មី Galaxy S25 Series របស់ពួកគេនៅក្នុងខែមករា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ជាមួយការអាប់ឌែតកែប្រែសំខាន់ៗមួយចំនួន។
ក្នុងនោះ ស្មាតហ្វូន Galaxy S25 Series ត្រូវបានរំពឹងថានឹងមានតម្លៃដូចគ្នានឹង S24 Series ដោយមានតម្លៃលក់ចាប់ពី ៧៩៩ដុល្លារ សម្រាប់ S25, ៩៩៩ ដុល្លារ សម្រាប់ S25+ និង ១ ១៩៩ សម្រាប់ S25 Ultra នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងទទួលបានជម្រើស RAM 12GB / 16GB និងអង្គផ្គុក 128GB / 256GB / 512GB / 1TB ៕
ចំពោះការប្រកាសចេញនូវស្មាតហ្វូន Galaxy S25 Series មុខពេលកំណត់នេះ គឺក្រុមហ៊ុន Samsung ចង់បញ្ចេញស្មាតហ្វូនធំៗរបស់ខ្លួននៅដើមឆ្នាំ និងពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងនោះពួកគេបានបង្ហាញថា ស្មាតហ្វូន Samsung Galaxy S25 Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ One UI 7 ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលទំហំ 200MP លេនទូលាយ Ultra-Wide ទំហំ 50MP លេនពង្រីក Telephoto ចំនួន២ ទំហំ 10MP គាំទ្រការថត 3x Optical Zoom និង 50MP 5x Optical Zoom ខណៈកាម៉រ៉ាខាងមុខត្រូវបានរំពឹងថានឹងមានទំហំ 12MP។ ចំណែកថាមពលថ្មវិញ អាចនឹងទទួលបានកញ្ជប់ថ្មទំហំ 5,000mAh គាំទ្រការសាក 45W ជាមួយការរចនាគែមខ្លីជាងមុន ធំទូលាយជាងមុន ហើយទម្ងន់ក៏អាចស្រាលជាងមុខផងដែរត្រឹមតែ ២១៩ក្រាមប៉ុណ្ណោះ ស្រាលជាង S24 Ultra ចំនួន ១៣ក្រាម។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Samsung គ្រោងនឹងបញ្ជេញនូវស្មាតហ្វូនម៉ូឌែលថ្មីរបស់ពួកគេគឺ Galaxy S25 Slim នៅក្នុងត្រកូល S នៅក្នុងឆមាសទី២ ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការរចនារូបរាងស្ដើងបំផុតក្នុងត្រកូល S25 ៕