កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Huawei បានធ្វើកាេប្រកាសដាក់បង្ហាញចេញជាផ្លូវការលក់ជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Huawei Nova 13 Series ជាមួយតម្លៃលក់ចាប់ពី ៥៦២ ដុល្លារ នៅក្នុងតំបន់ទីផ្សារ UAE (United Arab Emirates) ។
ទូរស័ព្ទដៃ Huawei Nova 13 ទទួលបានអេក្រង់ OLED ទំហំ ៦,៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ FHD+ (2412×1084 pixels) ចំណែក Nova 13 Pro វិញ ទទួលបានអេក្រង់កោងប្រភេទ OLED ៦,៧៦ អ៊ីញ 120Hz មានកម្រិតបង្ហាញ FHD+ (2776×1224 pixels) ដំណើរការដោយបន្ទះឈីប Kirin 8000 ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ HarmonyOS 4.2 និងទទួលបាន RAM 12GB និងអង្គផ្ទុក 256GB | 512GB | 1TB រួមជាមួយកញ្ជប់ថាមពលថ្មទំហំ 5,000mAh គាំទ្រការសាកតាមខ្សែ 100W ដែលអាចសាកឡើងដល់ ៥០ភាគរយ ចំណាយពេលត្រឹមតែ ៩នាទី ប៉ុណ្ណោះ។
សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ Huawei Nova 13 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 8MP និងលេន macro ទំហំ 2cm ចំណែក Nova 13 Pro វិញ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 8MP និងលេន Telephoto ទំហំ 12MP គាំទ្រការថត 3x Optical Zoom ខណៈកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃទាំង ២ម៉ូឌែលនេះ មានទំហំ 60MP សម្រាប់ Nova 13 គាំទ្រការថត 2x Optical Zoom បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP ដែលគាំទ្រការថត 5x Optical Zoom សម្រាប់ Nova 13 Pro ។ ក្នុងនោះកាមេរ៉ារបស់ Huawei Nova 13 Series គឺអាចថតវីដេអូក្នុងកម្រិត 4K 30fps។
លើសពីនេះទៅទៀត ទូរស័ព្ទ Huawei Nova 13 Series មានបំពាក់ជាមួយប្រព័ន្ធ Huawei Da Vinci Portrait Engine 2.0 និងគាំទ្រមុខងារ AI ជាច្រើនដូចជាមុខងារ AI Best Expression, AI Upscaling, AI Object Removal និង AI Smart Cutout ជាដើម។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូនទាំង ២ម៉ូឌែលនេះ គឺអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើផ្នែកអេក្រង់បាន។
គួរឲដឹងថា Huawei Nova 13 Series ទទួលបានជម្រើសពណ៌ចំនួន៣ រួមមាន Loden Green, White និង Black និងគាំទ្រការតភ្ជាប់ 4G VoLTE, Wi-Fi 802.11 ax (2.4GHz and 5GHz), Bluetooth 5.2 LE, GPS (L1 + L5 Dual band), NFC, USB 2.0 និងគាំទ្រការទំនាក់ទំនងផ្កាយរណប Beidou ដែលមានសមត្ថភាពក្នុងការផ្ញើសារតាមផ្កាយរណប និងសាររូបភាព ដែលធានាថាការទំនាក់ទំនងកាន់តែមានភាពប្រសើរឡើងនៅក្នុងបរិយាកាសដែលមានលលកសញ្ញាខ្សោយ៕