យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានឱ្យដឹងថា រថយន្តអគ្គិសនីខ្នាតរបស់ក្រុមហ៊ុន BYD គឺរថយន្ត BYD Seagull សេរ៊ីឆ្នាំ២០២៥ បានក្លាយជារថយន្តដែលទទួលបានការគាំទ្រខ្លាំងជាងគេនៅក្នុងប្រទេសចិន ក្នុងខែវិច្ឆិកា ពោលគឺមានចំនួនលក់ដល់ទៅ ៥៦ ១៥៦ គ្រឿង កើនឡើង ៣៨,៣៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។
ខណៈការផលិត និងការលក់រថយន្តរបស់ប្រទេសចិនបានឈានដល់ចំនួន ៣,៤៣៧ លានគ្រឿង និង ៣,៣១៦ លានគ្រឿង។ នេះបង្ហាញពីការកើនឡើង ១៤,៧ភាគរយ និង ៨,៦ភាគរយ ពីមួយខែទៅមួយខែ និង ១១,១ភាគរយ និង ១១,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤ នេះ ការផលិត និងការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើងដល់ ២៧,៩០៣ លានគ្រឿង និង ២៧,៩៤ លានគ្រឿង កើនឡើង ២,៩ភាគរយ និង ៣,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងខែវិច្ឆិកា ការលក់រថយន្តក្នុងប្រទេសចិនបានឈានដល់ ២,៨២៦ លានគ្រឿង កើនឡើង ១២,៥ភាគរយ ពីខែមុន និង ១៣,៦ភាគរយ ពីឆ្នាំមុន។ ចំណែកការនាំចេញរថយន្តបានឈានដល់ ៤៩០ ០០០ គ្រឿង ធ្លាក់ចុះ ៩,៥ភាគរយ ពីខែមុន ប៉ុន្តែកើនឡើង ១,៦ភាគរយ បើធៀបនឹងឆ្នាំមុន។ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការលក់រថយន្តក្នុងប្រទេសចិនបានឈានដល់ ២២,៥៩៥ លានគ្រឿង កើនឡើង ០,៣ភាគរយ ពីឆ្នាំមុន ខណៈការនាំចេញរថយន្តបានឈានដល់ ៥,៣៤៥ លានគ្រឿង កើនឡើង ២១,២ភាគរយ ពីឆ្នាំមុន។
ចំណែកទីផ្សារនៃការផលិត និងការលក់រថយន្តថាមពលថ្មី (NEV) នៅក្នុងខែវិច្ឆិកា ក្នុងប្រទេសចិន បានឈានដល់ ១,៥៦៦ លានគ្រឿន និង ១,៥១២ លានគ្រឿង កើនឡើង ៧,១ភាគរយ និង ៥,៧ភាគរយ ពីមួយខែទៅមួយខែ និង ៤៥,៨ភាគរយ និង ៤៧,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការផលិត និងការលក់បានកើនឡើងដល់ ១១,៣៤៥ លានគ្រឿg និង ១១,២៦២ លានគ្រឿង កើនឡើង ៣៤,៦ភាគរយ និង ៣៥,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរឲដឹងថា រថយន្ត BYD Seagull សេរ៊ីឆ្នាំ២០២៥ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៣ ៧៨០ ម.ម ទទឹង ១ ៧១៥ ម.ម កម្ពស់ ១ ៥៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣០ និង ៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៥ និង ៤០៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ព្រមទាំងគាំទ្រការសាកថ្មល្បឿនលឿន សាកឡើងពី ៣០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ៣០ នាទី ប៉ុណ្ណោះ និងមានតម្លៃលក់ចាប់ពី ៩ ៩០០ ដុល្លារ ដល់ ១២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕