បើយោងតាមសារព៌ត័ Digital Chat Station បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi នឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មី Xiaomi Civi 5 Pro នៅក្នុងខែមិនា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីប្រកាសចេញនូវស្មាតហ្វូន Xiaomi Civi 4 Pro កាលពីដើមឆ្នាំ២០២៤ នេះ។
សម្រាប់ស្មាតហ្វូន Xiaomi Civi 5 Pro ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់កោងបួនជ្រុង 120Hz មានកម្រិតបង្ហាញ 1.5K ដំណើរការដោយបន្ទះឈីបថ្មី Snapdragon 8s Elite របស់ក្រុមហ៊ុន Qualcomm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 ព្រមទាំងអាចនឹងទទួលបាននូវម៉ាសុីនស្កេនម្រាមដៃ ultrasonic នៅលើអេក្រង់ផងដែរ។
ចំពោះផ្នែកកាមេរ៉ាវិញ Xiaomi Civi 5 Pro ត្រូវបានរំពឹងថានឹងទទួលបានការរចនាស្រដៀងទៅនឹង Redmi K80 ដែរ ដោយមានការរចនាកាមេរ៉ាជារាងជារង្វង់ រួមបញ្ចូលនូវលេន telephoto និងសេនស័រកាមេរ៉ាដែលផលិតដោយក្រុមហ៊ុន Leica ដូចជំនាន់មុន Civi 4 Pro ដែរ ខណៈខ្នងខាងក្រោយរបស់វានឹងផលិតចេញពី fiberglass រីឯផ្នែកខាងមុខនឹងទទួលបានកាមេរ៉ាចំនួន២។
ចំណែកផ្នែកថាមពលថ្ម អាចនឹងទទួលបានកញ្ជប់ថ្មទំហំធំដល់ 5,000mAh បើប្រៀបធៀបនឹងថ្ម 4,700mAh នៅលើ Civi 4 Pro ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះ ក៏ត្រូវបានរំពឹងផងដែលថានឹងទទួលបានការរចនារូបរាងស្តើងជាងជំនាន់មុខ គែមខ្លីជាងមុខ និងមានទម្ងន់ស្រាលជាងមុន៕