កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានប្រកាសជាផ្លូវការថា រថយន្ត Changan Deepal S07 របស់ពួកគេបានទទួលបានលទ្ធផលសុវត្ថិភាពផ្កាយ ៥ ពី Euro-NCAP ប្រចាំតំបន់អឺរ៉ុប ក្រោមលក្ខណៈវិនិច្ឆ័យស្តង់ដារថ្មីចុងក្រោយបំផុតរបស់ពិភពលោក។
ក្នុងនោះ រថយន្តនេះត្រូវបានបង្ហាញថាជារថយន្តដែលមានសមត្ថភាពសុវត្ថិភាពខ្ពស់ចំពោះអ្នកបើកបរ កូនក្មេង និងការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវ។
ចំពោះរថយន្តនេះផងដែរ គឺទទួលលទ្ធផលសំខាន់ៗដូចជា៖
- ការការពារអ្នកដំណើរពេញវ័យ ៨៧ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៩៥ភាគរយ
- ការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវ ៧៤ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៧ភាគរយ។
សម្រាប់រថយន្ត Changan Deepal S07 នេះ ដំណើរការដោយ៖
- ម៉ាសុីនកូនកាត់ EREV ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ៩៣ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៣៥ និង ២៥៨ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ១២៥ ទៅ ២៨៥ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយសរុប ១ ២០០គីឡូម៉ែត្រ។
- ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៤៨៥ និង ៦២៨ គីឡូម៉ែត្រ នៅពេលការសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ១៥នាទី ប៉ុណ្ណោះ។
គួរបញ្ជាក់ថា រថយន្ត Changan Deepal S07 ត្រូវបានប្រកាសចេញនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២០ ០០០ ដុល្លារ ដល់ ២៩ ០០០ដុល្លារ អាស្រ័យលើ Options និងជម្រើសម៉ាសុីន៕