កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការប្រកាសជាផ្លូវការថា រថយន្ត Bugatti Mistral របស់ពួកគេបានបង្កើតសមិទ្ធិផលថ្មី ដោយអាចបើកបរបានល្បឿនខ្ពស់បំផុតដល់ (Top-Speed ) ៤៥៤គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយនេះក៏ជាសមិទ្ធិផលចុងក្រោយសម្រាប់ម៉ាស៊ីន W16 ផងដែរ មុនពេលដកចេញពីការផលិតជាផ្លូវការ។
ចំពោះរថយន្តនេះ គឺប្រើប្រាស់នូវម៉ាស៊ីន iconic W16 ចំណុះ ៨,០ លីត្រ quad-turbocharged អាចផលិតកម្លាំងថាមពលបាន ១ ៥៧៨ សេះ និងកម្លាំងរមួល ១ ៥៩៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ ប្រព័ន្ធបើកបរប៉ុង២ AWD និងអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ចំណាយពេលខ្ទង់ ២,៥វិនាទៅ។
គួរបញ្ជាក់ថា ការបើកបររបស់រថយន្តនេះ គឺធ្វើឡើងនៅក្នុងទីលានតេស្តរថយន្ត ATP Automotive Testing Facility ក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបើកបរនៅលើផ្លូវត្រង់ប្រវែង ១២,៣ គីឡូម៉ែត្រ។
ក្នុងនោះ រថយន្តបើកដំបូល Bugatti Mistral ត្រូវបានបំផុតគំនិតរចនាចេញពីរថយន្ត Bugatti Chiron Super Sport ដែលត្រូវបានផលិតមានចំនួនកំណត់ត្រឹមតែ ៩៩ គ្រឿង ប៉ុណ្ណោះ និងមានតម្លៃលក់ប្រមាណ ៥លានដុល្លារអាមេរិក នៅពេលប្រកាសចេញលក់ដំបូង។
គួរឲដឹងថា ម៉ាស៊ីន W16 របស់ Bugatti នឹងលែងប្រើក្នុងការផលិតរថយន្តទូទៅទៀតហើយ ប៉ុន្តែម៉ាស៊ីន W16 នឹងត្រូវប្រើប្រាស់សម្រាប់តែរថយន្ត Hypercar-Bugatti Bolide តែប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់នៅលើទីលាន ឫក៏វាលប្រណាំង៕