កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 9 ប្រភេទ SUV កៅអី ៣ជួរ ហើយគ្រោងនឹងចេញលក់នៅទីផ្សារប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៥ ដោយរំពឹងថានឹងមានតម្លៃលក់ចាប់ពី ៥៥ ០០០ដុល្លារ ដល់ ៨០ ០០០ ដុល្លារ នៅក្នុងទីផ្សាសហរដ្ឋអាមេរិក។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP architecture ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១០,៣ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ចំណាយពេលខ្ទង់ ៩,២វិនាទី។
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ (នៅផ្នែកខាងក្រោយ) និង ៩៤ សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ (នៅផ្នែកខាងមុខ) និងអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ចំណាយពេលខ្ទង់ ៦,៧វិនាទី។
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំង ២១៤ សេះ ដូចគ្នា និងអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ចំណាយពេលខ្ទង់ ៥,២វិនាទី។
ក្នុងនោះរថយន្តនេះ គឺគាំទ្រការសាកថ្មល្បឿនលឿន ៣៥០គីឡូវ៉ាត់ អាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ក្នុងរយៈពេល ២៤ នាទី និងមានល្បឿនអតិបរមា ២០០គីឡូម៉ែត្រ/ម៉ោង។ លើសពីទៅទៀត រថយន្តក៏មានបំពាក់មកជាមួយប្រព័ន្ធផ្ទេរថាមពល V2L ផងដែរ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានការរចនាលក្ខណៈជាប្រអប់ជុ្រង មានភាពហាប់ណែន ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រចនាបែប Parametric Pixel light អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំចាប់ពី ១៩ ដល់ ២១អ៊ីញ រួមទាំងកញ្ចក់ចំហៀងបែបឌីជីថល ដៃទ្វាប្រភេទចុច និងដំបូលលាតទំហំធំ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កោងប្រភេទភ្លោះដែលរួមបញ្ចូលគ្នារវាងអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ដៃចង្កូតភ្លើង LED ពណ៌បៃតង ក៏ដូចជាឧបករណ៍បំពងសម្លេងចំនួន ៨ចំនុច ជាស្តង់ដារ និងជម្រើសឧបករណ៍បំពងសម្លេងម៉ាក Bose ចំនួន ១៤ចំនុច រន្ធ USB-C កម្លាំង ១០០វ៉ាត់ ជាដើម។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Hyundai Safety Suit ជំនាន់ចុងក្រោយផងដែរ ដែឡមានមុខងារជាច្រើនដូចជា Forward Collision-Avoidance Assist 2, Lane Keeping Assist, Blind-Spot Collision-Avoidance Assist, Safe Exit Warning, Rear Cross-Traffic Collision-Avoidance Assist, High Beam Assist និងពោងសុវត្ថិភាពចំនួន ១០ចំនុច៕