កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Suzuki eVitara ប្រភេទអគ្គិសនីសុទ្ធដំបូងគេបង្អស់របស់ខ្លួន ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ហើយគ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៣៦ ៦០០ ដុល្លារ (រំពឹងទុក) នៅក្នុងទីផ្សារចក្រភពអង់គ្លេស ។
Suzuki eVitara ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ 2WD អាចផលិតកម្លាំងបាន ១៧២ សេះ និងកម្លាំងរមួល ១៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤៩ និង ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៣២១ និង ៤០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង HEARTECT-e platform មានប្រវែងតួខ្លួនសរុប ៤ ២៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ មានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy wheels ជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការតុបតែងថ្មីទាន់សម័យជាងមុន ជាមួយកុងទ័របង្ហាញ និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទភ្លោះ ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធប្រតិបត្តិការណ៍ទំនើបៗរបស់ Suzuki ផងដែរ ៕