កាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កម្ពុជា) បានធ្វើការចេញសេចក្តីប្រកាសស្តីពី ការបង់ពន្ធថ្មីលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ រួមទាំងរថយន្តអគ្គិសនីសុទ្ធ (EV) នៅក្នុងប្រទេសកម្ពុជា ។
សម្រាប់រថយន្តអគ្គិសនីសុទ្ធ (EV) ទាំងអស់ រួមទាំងប្រភេទទេសចរណ៍ រថយន្តប្រភេទភីកអាប់ និងរថយន្តដឹកអ្នកដំណើរ គឺត្រូវបង់ពន្ធគិតជាកម្លាំងសេះ ដូចខាងក្រោម៖
- ចំពោះរថយន្តអគ្គិសនីមានកម្លាំងដល់ ១៥០ សេះ ត្រូវបង់ទឹកប្រាក់ចំនួន ១០០ ០០០ រៀល គិតពីឆ្នាំផលិតដល់ ៥ ឆ្នាំ, ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ៨០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ៦០ ០០០ រៀល (គិតចាប់ពីឆ្នាំផលិត)។
- ចំពោះរថយន្តអគ្គិសនីមានកម្លាំងពី ១៥០ សេះ ដល់ ២០០ សេះ ត្រូវបង់ទឹកប្រាក់ចំនួន ១៥០ ០០ រៀល គិតពីឆ្នាំផលិតដល់ ៥ឆ្នាំ, ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ១០០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ៨០ ០០០ រៀល (គិតចាប់ពីឆ្នាំផលិត)។
- ចំពោះរថយន្តអគ្គិសនីមានកម្លាំងពី ២០០ សេះ ដល់ ២៥០ សេះ ត្រូវបង់ទឹកប្រាក់ចំនួន ៥០០ ០០ រៀល (គិតពីឆ្នាំផលិតដល់ ៥ឆ្នាំ), ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ៣០០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ១៥០ ០០០ រៀល (គិតចាប់ពីឆ្នាំផលិត)។
- ចំពោះរថយន្តអគ្គិសនីមានកម្លាំងពី ២៥០ សេះ ដល់ ៣០០ សេះ ត្រូវបង់ទឹកប្រាក់ចំនួន ១ ២០០ ០០០ រៀល (គិតពីឆ្នាំផលិតដល់ ៥ឆ្នាំ), ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ៨០០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ៤០០ ០០០ រៀល (គិតចាប់ពីឆ្នាំផលិត)។
- ចំពោះរថយន្តអគ្គិសនីមានកម្លាំងលើសពី ៣០០ សេះ ឡើងទៅ ត្រូវបង់ទឹកប្រាក់ចំនួន ១ ៦០០ ០០ រៀល (គិតពីឆ្នាំផលិតដល់ ៥ឆ្នាំ), ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ១ ០០០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ទឹកប្រាក់ចំនួន ៦០០ ០០០ រៀល (គិតចាប់ពីឆ្នាំផលិត)។
គួរបញ្ជាក់ផងដែរថា សម្រាប់ច្បាប់ថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៥ តទៅ៕ យល់យ៉ាងណាដែលចំពោះការអនុវត្តន៍ពន្ធថ្មីនេះ?