យោងតាមការរាយការណ៍ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung គ្រោងនឹងបញ្ជេញនូវស្មាតហ្វូនម៉ូឌែលថ្មីរបស់ពួកគេគឺ Galaxy S25 Slim នៅក្នុងត្រកូល S នៅក្នុងឆមាសទី២ ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានរូបរាងស្ដើងជាងម៉ូដែលស្តង់ដារនៃ Galaxy S25។
ចំពោះត្រកូល Galaxy S25 ស្តង់ដាររបស់ក្រុមហ៊ុន Samsung រួមមានម៉ូដែលចំនួន៣ គឺ Galaxy S25 (មានលេខម៉ូដែល SM-S931), Galaxy S25+ (SM-S936) និង Galaxy S25 Ultra (SM-S938) ។
គួរឲដឹងថា Samsung ជាធម្មតាតែងតែចុះឈ្មោះស្មាតហ្វូនរបស់ខ្លួននៅក្នុងមូលដ្ឋានទិន្នន័យ GSMA IMEI ប្រហែលពី ៧ ទៅ ៨ខែ មុនពេលការចេញប្រកាសចេញរបស់ពួកគេដើម្បីទុកពេលសម្រាប់ការធ្វើតេស្តផ្នែកខាងក្នុង។ ខណៈពេលថ្មីៗនេះ Samsung បានបញ្ជេញនូវលេខកូដម៉ូឌែល “SM-S937” ថ្មី របស់ខ្លួនទៅក្នុងមូលដ្ឋានទិន្នន័យ GSMA IMEI ដើម្បីរៀបចំសម្រាប់ការធ្វើតេស្តផ្នែកខាងក្នុង ដែលធ្វើឲមានការជជែកជាច្រើនបាននិយាយថា លេខកូដម៉ូឌែលថ្មីនេះនឹងអាចជាលេខកូដរបស់់ Galaxy S25 Slim ។
ទន្ទឹមនឹងនេះ Galaxy S25 Slim អាចនឹងចេញលក់នៅក្នុងខែមេសា ឬឧសភា ឆ្នាំ២០២៥ ដើម្បីប្រកួតប្រជែងជាមួយ iPhone SE 4 របស់ Apple និង Google Pixel 9a។
គួរបញ្ជាក់ផងថា សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូន Galaxy S25 Slim មិនទាន់មានការដាក់បង្ហាញចេញនៅឡើយនោះទេ មានតែរង់ចាំការប្រកាសចេញជាផ្លូវការរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ៕