ថ្មីៗនេះ មានរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុន Toyota មានផែនការផ្លាស់ប្តូរបច្ចេកវិទ្យាម៉ាស៊ីននៅលើរថយន្តម៉ូដែល Hilux និង Fortuner ជំនាន់ក្រោយរបស់ខ្លួន ដោយផ្លាស់ប្ដូរពីម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbo ទៅជាម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo វិញ ដែលអាចផលិតកម្លាំងបានប្រហែល ២៩៧សេះ និងកម្លាំងរមួលប្រមាណ ៤០០ ញ៉ូតុនម៉ែត្រ។
គេរំពឹងថា ម៉ាស៊ីនថ្មីនេះមិនត្រឹមតែផ្តល់កម្លាំងខ្លាំងនោះទេប៉ុណ្ណោះ ប៉ុន្តែថែមទាំងកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ ដែលវាជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Toyota ក្នុងការចូលរួមកាត់បន្ថយបញ្ហាបំភាយឧស្ម័នកាបូន និងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗរបស់ពួកគេនៅក្នុងរថយន្តជំនាន់ថ្មីរបស់ពួកគេផងដែរ។
ទន្ទឹមនឹងនេះ សំណុំម៉ាស៊ីនថ្មីនេះ នឹងបន្តប្រើប្រាស់នូវគ្រោងឆ្អឹង body-on-frame platform ដដែល ខណៈដែលម៉ាស៊ីនម៉ាស៊ូតវិញ នឹងត្រូវអាប់ឌែតបន្ថែមដែលអាចផលិតកម្លាំងបានដល់ទៅ ៤០២ សេះ និងកម្លាំងរមួលប្រមាណ ៥៤៩ ញ៉ូតុនម៉ែត្រ សម្រាប់បំពាក់នៅលើរថយន្តម៉ូដែលផ្សេងៗទៀតនៅក្នុងត្រកូលរបស់ក្រុមហ៊ុន Toyota៕