ចំពោះ Mac mini ថ្មីនេះ ត្រូវបានដំណើរការជាមួយនឹងបន្ទះឈីប M4 និង M4 Pro ថ្មី រួមជាមួយនឹង CPU និង GPU ជំនាន់ថ្មីដែលអាចដំណើរការលឿនជាងមុនទ្វេរដង និងទទួលបានអង្គចងចាំកាន់តែខ្ពស់ និងម៉ាស៊ីន Neural Engine ដែលមានថាមពលខ្លាំងជាងមុន។
បើនិយាយអំពីការរចនាវិញ Mac mini ថ្មីនេះ មានការរចនាតូចជាងមុន ពោលគឺ ៥ x ៥ អ៊ីញ ប៉ុណ្ណោះ ហើយអាចធ្វើឱ្យខ្យល់ចេញចូលតាមរយៈជើងរបស់វា។ គួរឲដឹងថា បន្ទះឈីប M4 Pro មាន CPU សរុបចំនួន ១៤ core (performance core ចំនួន១០ និង efficiency core ចំនួន៤) និង GPU សរុបចំនួន ២០ core ដែលអាចរត់កម្មវិធី និងចលនាក្រាហ្វិកបានលឿនជាង Mac mini M2 Pro រហូតដល់ ២ ដង និងអាចរត់មុខងារផ្សេងៗរបស់ Apple Intelligence បានយ៉ាងផុយ។
សម្រាប់ការតភ្ជាប់ Mac mini ថ្មីនេះ គាំទ្រ Thunderbolt 5 ដែលអាចផ្ទេរទិន្នន័យក្នុងល្បឿនរហូតដល់ 120 Gb/s និងបច្ចេកវិទ្យាចុងក្រោយដូចជា Wi-Fi 6E, Bluetooth 5.3, រន្ធ HDMI , រន្ធ Gigabit Ethernet និងរន្ធដោតកាសជាដើម។ លើសពីនេះទៅទៀត នេះជា Mac ដំបូងរបស់ Apple ដែលធ្វើពីកាបូន ដែលមាន RAM រហូតដល់ 64GB និងអង្គផ្ទុករហូតដល់ 8TB និងអាចរត់ជាមួយ Monitor 6K បានចំនួន៣៕